លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១៨

ការប្រកែកគ្នាអំពីអ្នកណាធំជាងគេ

ការប្រកែកគ្នាអំពីអ្នកណាធំជាងគេ

ម៉ាថាយ ២៦:៣១​-​៣៥ ម៉ាកុស ១៤:២៧​-​៣១ លូកា ២២:២៤​-​៣៨ យ៉ូហាន ១៣:៣១​-​៣៨

  • លោក​យេស៊ូ​ឲ្យ​ឱវាទ​អំពី​ការ​ចង់​បាន​ឋានៈ

  • ការ​បដិសេធ​របស់​ពេត្រុស​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន

  • សេចក្ដី​ស្រឡាញ់​ជា​សញ្ញា​សម្គាល់​នៃ​អ្នក​កាន់​តាម​លោក​យេស៊ូ

អំឡុង​ពេល​ល្ងាច​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក លោក​បាន​បង្រៀន​ពួក​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​អំពី​ចិត្ត​រាប​ទាប ដោយ​លាង​ជើង​របស់​ពួក​គាត់។ ប៉ុន្តែ ហេតុ​អ្វី​នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​បង្រៀន​ពួក​គាត់​អំពី​មេ​រៀន​នេះ? ពី​ព្រោះ​ពួក​គាត់​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ​មួយ។ ពួក​សាវ័ក​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ តែ​ពួក​គាត់​នៅ​តែ​គិត​ថា​ខ្លួន​ជា​អ្នក​ធំ​ជាង​គេ។ (​ម៉ាកុស ៩:៣៣, ៣៤; ១០:៣៥​-​៣៧​) នៅ​ល្ងាច​នេះ​ពួក​គាត់​បង្ហាញ​ភាព​ទន់​ខ្សោយ​នោះ​ម្ដង​ទៀត។

ពួក​សាវ័ក​បាន​«​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​អំពី​រឿង​ថា​អ្នក​ណា​ដែល​ពួក​គាត់​គិត​ថា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គាត់​»។ (​លូកា ២២:២៤​) ពេល​ដែល​លោក​យេស៊ូ​ឃើញ​ពួក​សាវ័ក​ប្រកែក​គ្នា​អំពី​រឿង​បែប​នេះ​ម្ដង​ទៀត លោក​ច្បាស់​ជា​ពិបាក​ចិត្ត​ណាស់! ដូច្នេះ តើ​លោក​ធ្វើ​អ្វី?

ជា​ជាង​ស្តី​បន្ទោស​ពួក​សាវ័ក​ដោយ​សារ​ពួក​គាត់​មាន​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​នោះ លោក​យេស៊ូ​ពន្យល់​ពួក​គាត់​ដោយ​ចិត្ត​អត់​ធ្មត់​ថា​៖ ​«​បណ្ដា​ស្តេច​នៃ​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​ពួក​គេ​ហៅ​អ្នក​ដែល​កាន់​អំណាច​លើ​ពួក​គេ​ថា​ជា​អ្នក​មាន​គុណ។ ឯ​អ្នក​រាល់​គ្នា​វិញ អ្នក​មិន​ត្រូវ​ដូច្នេះ​ឡើយ . . . ព្រោះ​តើ​អ្នក​ណា​ធំ​ជាង? អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ? ឬ​អ្នក​ដែល​កំពុង​បម្រើ?​»។ បន្ទាប់​មក លោក​យេស៊ូ​ក៏​រំលឹក​ពួក​គាត់​អំពី​អ្វី​ដែល​លោក​តែង​តែ​ធ្វើ​ដែល​ជា​គំរូ​សម្រាប់​ពួក​គាត់។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​បម្រើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»។—លូកា ២២:២៥​-​២៧

ទោះ​បី​ពួក​សាវ័ក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ តែ​ពួក​គាត់​បាន​នៅ​ជាប់​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​ការ​លំបាក​ជា​ច្រើន។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ពោល​គឺ​សម្រាប់​រាជាណាចក្រ​មួយ​»។ (​លូកា ២២:២៩​) បុរស​ទាំង​នេះ​គឺ​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ភក្ដី​របស់​លោក​យេស៊ូ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ជាក់​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​រវាង​លោក​និង​ពួក​គាត់ នោះ​ពួក​គាត់​នឹង​ទទួល​រាជាណាចក្រ ហើយ​រួម​ចំណែក​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក។

ទោះ​បី​ជា​ពួក​សាវ័ក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​ក៏​ដោយ ពួក​គាត់​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​សាថាន​បាន​ទាម​ទារ​រែង​អ្នក​រាល់​គ្នា​ដូច​អង្ករ​»​ ដែល​ខ្ចាត់​ខ្ចាយ​ទៅ។ (​លូកា ២២:៣១​) លោក​ក៏​ព្រមាន​ពួក​គាត់​ដែរ​ថា​៖ ​«​នៅ​យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›​»។—ម៉ាថាយ ២៦:៣១; សាការី ១៣:៧

ពេល​ពេត្រុស​ឮ​ដូច្នេះ គាត់​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ទោះ​បី​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ឡើយ!​»។ (​ម៉ាថាយ ២៦:៣៣​) លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា នៅ​យប់​នេះ​មុន​មាន់​រងាវ​ពីរ​ដង ពេត្រុស​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លោក។ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ។ ឯ​អ្នក​វិញ ពេល​ដែល​អ្នក​ប្រែ​ចិត្ត​ហើយ ចូរ​ពង្រឹង​ជំនឿ​នៃ​បង​ប្អូន​របស់​អ្នក​»។ (​លូកា ២២:៣២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេត្រុស​តប​ឆ្លើយ​ដោយ​ចិត្ត​មោះ​មុត​ថា​៖ ​«​សូម្បី​តែ​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​លែង​ទទួល​ស្គាល់​លោក​ដែរ​»។ (​ម៉ាថាយ ២៦:៣៥​) ពួក​សាវ័ក​ឯ​ទៀត​ក៏​និយាយ​ដូច​គ្នា​ដែរ។

លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន​ជាតិ​យូដា​ដែរ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›​»។ បន្ទាប់​មក​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៣​-​៣៥

កាល​ដែល​ពេត្រុស​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា លោក​នឹង​នៅ​ជា​មួយ​នឹង​ពួក​គាត់​តែ​បន្ដិច​ទៀត​ទេ ពេត្រុស​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​ទៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​មិន​អាច​មក​តាម​ឥឡូវ​នេះ​បាន​ទេ ប៉ុន្តែ​អ្នក​នឹង​មក​នៅ​ពេល​ក្រោយ​»។ ដោយ​ចិត្ត​ងឿង​ឆ្ងល់ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​លោក​»។—យ៉ូហាន ១៣:៣៦, ៣៧

ឥឡូវ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ពេល​ដែល​លោក​បាន​ចាត់​ពួក​សាវ័ក​ឲ្យ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​កាលីឡេ ដោយគ្មាន​ថង់​ប្រាក់ ឬ​ថង់​យាម​សម្រាប់​ដាក់​អាហារ។ (​ម៉ាថាយ ១០:៥, ៩, ១០​) លោក​សួរ​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​បាន​ខ្វះ​ខាត​អ្វី​ទេ មែន​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បាទ!​»។ ប៉ុន្តែ តើ​ពួក​គាត់​គួរ​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​ខាង​មុខ? លោក​យេស៊ូ​បង្គាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ថង់​ប្រាក់​ត្រូវ​យក​ទៅ​ជា​មួយ ក៏​ត្រូវ​យក​ថង់​យាម​សម្រាប់​ដាក់​អាហារ​ដែរ ឯ​អ្នក​ណា​ដែល​គ្មាន​ដាវ អ្នក​នោះ​ត្រូវ​លក់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន រួច​ទិញ​ដាវ​មួយ​វិញ។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​ត្រូវ​តែ​សម្រេច​នៅ​លើ​ខ្ញុំ ពោល​គឺ​៖ ‹លោក​បាន​ត្រូវ​រាប់​ក្នុង​ចំណោម​មនុស្ស​ប្រឆាំង​ច្បាប់›។ ពី​ព្រោះ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​នឹង​ត្រូវ​សម្រេច​»។—លូកា ២២:៣៥​-​៣៧

លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ពេល​ដែល​លោក​នឹង​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ក្បែរ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​មនុស្ស​ដែល​ប្រឆាំង​ច្បាប់។ បន្ទាប់​ពី​ការ​ទាំង​នោះ ពួក​អ្នក​កាន់​តាម​លោក​នឹង​ជួប​ប្រទះ​នូវ​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពួក​គាត់​គិត​ថា​ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដូច្នេះ​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ មើល! យើង​មាន​ដាវ​ពីរ​ហើយ​»។ លោក​ឆ្លើយ​ថា​៖ ​«​នោះ​ល្មម​ហើយ​»។ (​លូកា ២២:៣៨​) ដោយ​សារ​ពួក​គាត់​មាន​ដាវ​ទាំង​ពីរ​នោះ លោក​យេស៊ូ​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន​ពួក​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​ទៀត។