លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំអស់សង្ឃឹមឲ្យសោះ!

កុំអស់សង្ឃឹមឲ្យសោះ!

កុំ​អស់​សង្ឃឹម​ឲ្យ​សោះ!

តើ​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ចង់​ឲ្យ​គូ​របស់​អ្នក​ចូល​រួម​ជា​មួយ​នឹង​អ្នក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឬ​ទេ?

ឬ​តើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ពេល​សិស្ស​គម្ពីរ​របស់​អ្នក​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ដើម​ដំបូង​មិន​បាន​កាន់​ជំហរ​ចំពោះ​សេចក្ដី​ពិត​ឬ​ទេ?

បទ​ពិសោធន៍​ខ្លះ​ពី​ប្រទេស​អង់គ្លេស​នឹង​ជួយ​អ្នក​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​អ្នក​មិន​គួរ​អស់​សង្ឃឹម។ អ្នក​ក៏​នឹង​ឃើញ​ដែរ​នូវ​របៀប​ដែល​អ្នក​អាច​‹បោះ​នំ​ប៉័ង​របស់​អ្នក​ទៅ​លើ​ទឹក›​ក្នុង​ន័យ​ធៀប ដើម្បី​ជួយ​ពួក​អ្នក​ដែល​មិន​ទាន់​ទទួល​សេចក្ដី​ពិត។—សាស្ដ. ១១:១

ការ​ព្យាយាម​គឺជា​អ្វី​មួយ​ដែល​សំខាន់​ចាំ​បាច់

អ្វី​មួយ​ដែល​សំខាន់​ចាំ​បាច់​ដែល​អ្នក​គួរ​មាន​គឺ​ការ​ព្យាយាម។ អ្នក​ត្រូវ​នៅ​ជាប់​នឹង​សេចក្ដី​ពិត ព្រម​ទាំង​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា។ (​ចោ. ១០:២០​) នេះ​ជា​អ្វី​ដែល​ជជីណា​បាន​ធ្វើ។ ពេល​នាង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩៧០ ប្ដី​នាង​ឈ្មោះ​គីរីយ៉ាកូស​បាន​ខឹង​យ៉ាង​ខ្លាំង។ គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជជីណា​ឈប់​សិក្សា​គម្ពីរ គាត់​ធ្លាប់​មិន​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ចូល​ផ្ទះ ហើយ​យក​ចេញ​នូវ​សៀវភៅ​ទាំង​អស់​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​គាត់​រក​ឃើញ។

ពេល​ជជីណា​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ គីរីយ៉ាកូស​កាន់​តែ​ខឹង​ខ្លាំង​ជាង​មុន។ ថ្ងៃ​មួយ​គាត់​បាន​ទៅ​សាល​ប្រជុំ​ដើម្បី​បង្ក​រឿង។ ពេល​បង​ស្រី​ម្នាក់​ដឹង​ថា​គីរីយ៉ាកូស​និយាយ​ភាសា​ក្រិច​ល្អ​ជាង​ភាសា​អង់គ្លេស គាត់​បាន​ទូរស័ព្ទ​ហៅ​បង​ប្រុស​ជន​ជាតិ​ក្រិច​ដែល​នៅ​ក្រុម​ជំនុំ​ផ្សេង​ឲ្យ​មក​ជួយ។ គីរីយ៉ាកូស​ព្រម​ស្ដាប់​បង​ប្រុស​យើង​ដែល​ចេះ​គួរ​សម ហើយ​អស់​រយៈ​ពេល​ពីរ​បី​ខែ ពួក​គាត់​បាន​សិក្សា​គម្ពីរ​ជា​មួយ​គ្នា​ទៀត​ផង។ ប៉ុន្តែ​ក្រោយ​មក​គីរីយ៉ាកូស​បាន​ឈប់​សិក្សា​គម្ពីរ។

អស់​រយៈ​ពេល​បី​ឆ្នាំ​ទៀត​ដែល​ជជីណា​បន្ត​ទទួល​រង​ការ​ប្រឆាំង។ គីរីយ៉ាកូស​បាន​និយាយ​ថា គាត់​នឹង​ចុះ​ចោល​ជជីណា បើ​នាង​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ថ្ងៃ​ដែល​នាង​ទទួល​ការ​ជ្រមុជ​ទឹក ជជីណា​បាន​អធិដ្ឋាន​យ៉ាង​អស់ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​សុំ​កុំ​ឲ្យ​គីរីយ៉ាកូស​ចុះ​ចោល​នាង។ ពេល​សាក្សី​បាន​មក​ដល់​ផ្ទះ​នាង​ដើម្បី​ទទួល​នាង​ទៅ​សន្និបាត គីរីយ៉ាកូស​បាន​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ទៅ​មុន​ចុះ។ យើង​នឹង​ជិះ​ឡាន​យើង​តាម​ក្រោយ​ឡាន​របស់​អ្នក​»។ គីរីយ៉ាកូស​បាន​ចូល​រួម​កម្មវិធី​ពេល​ព្រឹក ហើយ​បាន​មើល​ប្រពន្ធ​គាត់​ទទួល​ការ​ជ្រមុជ​ទឹក!

ក្រោយ​មក​ការ​ប្រឆាំង​របស់​គីរីយ៉ាកូស​បាន​ថយ​ចុះ ហើយ​បន្ដិច​ម្ដង​ៗ​គាត់​បាន​កែប្រែ​យ៉ាង​ច្រើន។ ជិត​៤០​ឆ្នាំ​ក្រោយ​ពី​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ជជីណា​បាន​ឃើញ​ប្ដី​របស់​នាង​ទទួល​ការ​ជ្រមុជ​ទឹក! តើ​អ្វី​បាន​ជួយ​គីរីយ៉ាកូស? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ជជីណា​មិន​ឲ្យ​អ្វី​ៗ​ទាំង​អស់​បញ្ឈប់​នាង​មិន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​»។ ជជីណា​និយាយ​ថា​៖ ​«​ទោះ​ជា​ប្ដី​របស់​ខ្ញុំ​ប្រឆាំង​ក៏​ដោយ ខ្ញុំ​មិន​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​របស់​ខ្ញុំ​ទេ។ ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បន្ត​អធិដ្ឋាន​ដល់​ព្រះ​យេហូវ៉ា ហើយ​មិន​អស់​សង្ឃឹម​ឡើយ​»។

សារៈសំខាន់​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី

អ្វី​មួយ​ទៀត​ដែល​ជួយ​គូ​របស់​អ្នក គឺ​ការ​អប់រំ​ខ្លួន​អ្នក​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ត​សាសនិក។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ប្រពន្ធ​ដែល​ជា​គ្រិស្ត​សាសនិក​ថា​៖ ​«​[​ចូរ​]​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ​»។ (​១ពេ. ៣:១​) គ្រីស្ទីន​បាន​ធ្វើ​តាម​ឱវាទ​នោះ ទោះ​ជានា​ង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​យល់​ស្រប​នឹង​នាង​ក៏​ដោយ។ ជាង​២០​ឆ្នាំ​មុន ពេល​ដែល​នាង​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា ប្ដី​របស់​នាង​ឈ្មោះ​ចន​មិន​បាន​ជឿ​ព្រះ​ទេ។ ចន​មិន​ចង់​ចូល​រួម​ជា​មួយ​នឹង​សាសនា​ទេ ប៉ុន្តែ​គាត់​ដឹង​ថា​សាសនា​ថ្មី​របស់​គ្រីស្ទីន​ពិត​ជា​សំខាន់​ណាស់​ចំពោះ​នាង។ ចន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​សាសនា​ថ្មី​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្ញុំ​សប្បាយ​ចិត្ត។ គាត់​បាន​ក្លាយ​ទៅ​ជា​មនុស្ស​រឹង​ប៊ឹង​ជាង​មុន ហើយ​នេះ​ជួយ​ខ្ញុំ​ពេល​ឆ្លង​កាត់​នូវ​ស្ថានភាព​ពិបាក​ជា​ច្រើន​»។

គ្រីស្ទីន​មិន​ដែល​បង្ខំ​ឲ្យ​ប្ដី​នាង​ទទួល​សាសនា​ថ្មី​របស់​នាង​ទេ។ ប្ដី​របស់​នាង​ទទួល​ស្គាល់​ថា​៖ ​«​គ្រីស្ទីន​បាន​ដឹង​តាំង​ពី​ដើម​ដំបូង​ថា គឺ​ល្អ​ជាង​បើ​គាត់​មិន​និយាយ​អំពី​សាសនា​របស់​គាត់​ជា​មួយ​ខ្ញុំ ហើយ​ដោយ​ចិត្ត​អត់​ធ្មត់ គាត់​ទុក​ឲ្យ​ខ្ញុំ​រៀន​តាម​ល្បឿន​របស់​ខ្ញុំ​និង​តាម​របៀប​របស់​ខ្ញុំ​»។ ពេល​គ្រីស្ទីន​ឃើញ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​ឬ​ទស្សនាវដ្ដី​ភ្ញាក់​រលឹក! (​Awake!​) អំពី​ប្រធានបទ​ដែល​នាង​ដឹង​ថា​ចន​នឹង​ចាប់​អារម្មណ៍ ដូច​ជា​អត្ថបទ​អំពី​វិទ្យា​សាស្ត្រ​និង​ធម្មជាតិ នាង​បង្ហាញ​អត្ថបទ​នោះ​ទៅ​គាត់ ដោយ​និយាយ​ថា​៖ ​«​អូន​គិត​ថា​បង​នឹង​ចូល​ចិត្ត​អាន​អត្ថបទ​នេះ​»។

ក្រោយ​មក ចន​បាន​ចូល​និវត្តន៍ ហើយ​គាត់​ទទួល​យក​ការងារ​ជា​អ្នក​ថែ​សួន។ ដោយ​សារ​គាត់​មាន​ពេល​ច្រើន​ដើម្បី​គិត​អំពី​សំណួរ​ជ្រាល​ជ្រៅ​ជាង​អំពី​ជីវិត គាត់​បាន​ចាប់​ផ្ដើម​ពិចារណា​ថា ‹តើ​មនុស្ស​កើត​មក​ដោយ​ចៃដន្យ​ឬ​បាន​ត្រូវ​បង្កើត​ដោយ​មាន​គោល​បំណង?›។ ថ្ងៃ​មួយ​បង​ប្រុស​ម្នាក់​ដែល​ចន​បាន​និយាយ​ជា​មួយ សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ចង់​រៀន​គម្ពីរ​ឬ​ទេ?​»។ ចន​និយាយ​ថា​៖ ​«​ដោយ​សារ​ឥឡូវ​ខ្ញុំ​ចាប់​ផ្ដើម​ជឿ​ព្រះ ខ្ញុំ​បាន​យល់​ព្រម​សិក្សា​គម្ពីរ​»។

គឺជា​ការ​សំខាន់​មែន​ដែល​គ្រីស្ទីន​មិន​អស់​សង្ឃឹម! ក្រោយ​ពី​នាង​បាន​អធិដ្ឋាន​អស់​២០​ឆ្នាំ​ឲ្យ​ចន​ព្រម​ទទួល​សេចក្ដី​ពិត ចន​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ឥឡូវ​ពួក​គាត់​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ដោយ​ចិត្ត​ខ្នះខ្នែង។ ចន​កត់​សម្គាល់​ថា​៖ ​«​អ្វី​ពីរ​យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ពិសេស​គឺ ចិត្ត​សប្បុរស​និង​ភាព​រាក់​ទាក់​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ពេល​អ្នក​រៀប​ការ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា អ្នក​មាន​គូ​ដែល​ស្មោះ​ត្រង់ អាច​ទុក​ចិត្ត​បាន ហើយ​មិន​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។ គ្រីស្ទីន​ធ្វើ​តាម​ពាក្យ​នៅ​ពេត្រុស​ទី​១ ៣:១​ហើយ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ!

គ្រាប់​ពូជ​នឹង​បង្កើត​ផល​នៅ​ពេល​ក្រោយ​មក

ចុះ​យ៉ាង​ណា​ចំពោះ​សិស្ស​គម្ពីរ​ដែល​ចាប់​អារម្មណ៍​នៅ​ដើម​ដំបូង ហើយ​ក្រោយ​មក​ប្រហែលជា​ឈប់​ចាប់​អារម្មណ៍​ដោយ​សារ​មូលហេតុ​ណា​មួយ? ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ដ្បិ​ត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចំ​រើ​ន​ឡើង ទោះ​បើ​ខាង​ណេះ​ឬ​ខាង​ណោះ​ក្ដី ឬ​បើ​ទាំង​២​នឹង​ចំ​រើ​ន​បាន​ល្អ​ដូច​គ្នា​ផង​»។ (​សាស្ដ. ១១:៦​) ជួនកាល​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​លូត​លាស់​ក្នុង​ចិត្ត​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ទី​បំផុត​បុគ្គល​ម្នាក់​ប្រហែលជា​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ចូល​ទៅ​ជិត​ព្រះ។ (​យ៉ា. ៤:៨​) ថ្ងៃ​មួយ​ប្រហែលជា​អ្នក​នឹង​ភ្ញាក់​ផ្អើល។

សូម​ពិចារណា​អំពី​គំរូ​របស់​អាល​អឺ​ស​ដែល​រើ​ពី​ប្រទេស​ឥណ្ឌា​ទៅ​នៅ​ប្រទេស​អង់គ្លេស។ នៅ​ឆ្នាំ​១៩៧៤​នាង​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ នាង​និយាយ​ភាសា​ហិណ្ឌី ហើយ​ចង់​រីក​ចម្រើន​ខាង​ភាសា​អង់គ្លេស។ ការ​សិក្សា​គម្ពីរ​បាន​បន្ត​អស់​ជា​ច្រើន​ឆ្នាំ អាល​អឺ​ស​បាន​ចូល​រួម​ប្រជុំ​ខ្លះ​ៗ​នៅ​ក្រុម​ជំនុំ​ភាសា​អង់គ្លេស។ នាង​បាន​ដឹង​ថា​អ្វី​ដែល​នាង​កំពុង​រៀន​គឺជា​សេចក្ដី​ពិត ប៉ុន្តែ​នាង​មិន​ដឹង​ថា​វា​មាន​តម្លៃ​ប៉ុណ្ណា​ទេ។ ម្យ៉ាង​ទៀត​នាង​គិតតែ​ពី​រឿង​លុយ ហើយ​នាង​ចូល​ចិត្ត​ចូល​រួម​ជប់​លៀង។ នៅ​ទី​បំផុត​អាល​អឺ​ស​ឈប់​រៀន​គម្ពីរ។

ជិត​៣០​ឆ្នាំ​ក្រោយ​មក​ស្ទែល​អឺ ដែល​ធ្លាប់​បង្រៀន​គម្ពីរ​ចំពោះ​អាល​អឺ​ស​បាន​ទទួល​សំបុត្រ​មួយ​ពី​នាង។ ក្នុង​សំបុត្រ​នោះ​សរសេរ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​បង​នឹង​រំភើប​ចិត្ត​ដោយ​ដឹង​ថា​អ្នក​ដែល​សិក្សា​គម្ពីរ​កាល​ពី​ឆ្នាំ​១៩៧៤​របស់​បង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​មហាសន្និបាត​ថ្មី​ៗ​នេះ។ បង​បាន​មាន​មុខ​នាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ។ បង​បាន​ព្រួស​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ក្នុង​ខ្លួន​ខ្ញុំ ហើយ​ទោះ​ជា​ពេល​នោះ​ខ្ញុំ​ទាន់​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ដោយ ខ្ញុំ​បាន​ចាំ​អំពី​សេ​ក្ដី​ពិត​ដែល​បង​បាន​បង្រៀន​ក្នុង​ចិត្ត​និង​គំនិត​របស់​ខ្ញុំ​»។

តើ​មាន​អ្វី​បាន​កើត​ឡើង? អាល​អឺ​ស​ពន្យល់​ថា នាង​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពី​ប្ដី​របស់​នាង​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៩៧។ នាង​បាន​អធិដ្ឋាន​ដល់​ព្រះ។ មិន​ដល់​១០​នាទី​ផង សាក្សី​ព្រះ​យេហូវ៉ា​ពីរ​នាក់​ដែល​និយាយ​ភាសា​ពុន​ចាប​បាន​មក​ផ្សព្វ​ផ្សាយ​នៅ​ផ្ទះ​របស់​នាង ហើយ​បាន​ទុក​ខិត្តប័ណ្ណ​មួយ​ដែល​មាន​ចំណង​ជើង​ថា តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់ ដែល​បាន​ស្លាប់​ទៅ? អាល​អឺ​សមាន​អារម្មណ៍​ថា ព្រះ​បាន​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​នាង ហើយ​នាង​បាន​សម្រេច​ចិត្ត​ថា​នាង​គួរតែ​ទាក់​ទង​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តើ​នាង​អាច​រក​ពួក​គេ​នៅ​កន្លែង​ណា? នាង​បាន​រក​មើល​ក្នុង​សៀវភៅ​ចាស់​របស់​នាង​ដែល​មាន​អាសយដ្ឋាន​ដែល​ស្ទែល​អឺ​បាន​ឲ្យ​នាង​ដើម្បី​រក​ក្រុម​ជំនុំ​ភាសា​ពុន​ចាប។ អាល​អឺ​ស​បាន​ទៅ​លេង​ក្រុម​ជំនុំ​នោះ ហើយ​បង​ប្អូន​ប្រុស​ស្រី​ដែល​និយាយ​ភាសា​ពុន​ចាប​បាន​ទទួល​ស្វាគមន៍​នាង​យ៉ាង​កក់​ក្ដៅ។ អាល​អឺ​ស​និយាយ​ថា​៖ ​«​ទោះ​ជា​ក្រោយ​ចេញ​ពី​ទី​នោះ​ក្ដី ខ្ញុំ​នៅ​តែ​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​បាន​បង្ហាញ​ចំពោះ​ខ្ញុំ ហើយ​នេះ​បាន​ជួយ​សម្រាល​ទុក្ខ​ខ្ញុំ​»។

នាង​បាន​ចាប់​ផ្ដើម​ចូល​រួម​ប្រជុំ​ជា​ទៀង​ទាត់ ហើយ​បាន​សិក្សា​គម្ពីរ​ម្ដង​ទៀត នាង​បាន​ចេះ​និយាយ​ហើយ​អាន​ភាសា​ពុន​ចាប​យ៉ាង​ស្ទាត់។ នៅ​ឆ្នាំ​២០០៣​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ នាង​បាន​បញ្ចប់​សំបុត្រ​របស់​នាង​ទៅ​ស្ទែល​អឺ​ដោយ​ថា​៖ ​«​សូម​អរគុណ​បង​ច្រើន​ណាស់​ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ទាំង​នោះ​ក្នុង​ខ្លួន​ខ្ញុំ​កាល​ពី​២៩​ឆ្នាំ​មុន ហើយ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​»។

តើ​អ្នក​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​ទាំង​នេះ? ប្រហែលជា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​អ្នក​រំពឹង​ទុក ប៉ុន្តែ​បើ​បុគ្គល​ម្នាក់​ចង់​ស្គាល់​ព្រះ មាន​ចិត្ត​ស្មោះ ហើយ​មាន​ចិត្ត​រាប​ទាប ព្រះ​យេហូវ៉ា​នឹង​ជួយ​ឲ្យ​គាត់​យល់​សេចក្ដី​ពិត​ហើយ​ព្រម​ទទួល​សេចក្ដី​ពិត។ សូម​នឹក​ចាំ​ពី​ពាក្យ​របស់​លោក​យេស៊ូ​ក្នុង​ឧទាហរណ៍​របស់​លោក​ដែល​ថា​៖ ​«​ចំណែក​គ្រាប់​ពូជ​វិញ វា​ចេញ​ពន្លក​ហើយ​ធំ​ឡើង តែ​[​អ្នក​ព្រោះ​គ្រាប់​ពូជ​]​មិន​ដឹង​ថា​វា​ដុះ​តាម​របៀប​ណា​ឡើយ។ បន្ដិច​ម្ដង​ៗ ដី​បង្កើត​ផល​ដោយ​ឯកឯង មុន​ដំបូង​ចេញ​ទង រួច​មក​មាន​កួរ ហើយ​ទី​បំផុត​មាន​គ្រាប់​»។ (​ម៉ាក. ៤:២៧, ២៨​) បន្ដិច​ម្ដង​ៗ​គាត់​បង្កើត​ផល​ដោយ​«​ឯកឯង​»។ តាម​ការ​ពិត អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ម្នាក់​ៗ​មិន​ដឹង​ថា​គ្រាប់​ពូជ​របស់​ពួក​គេ​ដុះ​ដាល​តាម​របៀប​ណា​ទេ។ ដូច្នេះ​សូម​បន្ត​ព្រោះ​គ្រាប់​ពូជ​ឲ្យ​បាន​ច្រើន។ អ្នក​ប្រហែលជា​អាច​ប្រមូល​ផល​បាន​បរិបូរ។

សូម​កុំ​ភ្លេច​អំពី​សារៈសំខាន់​នៃ​ការ​អធិដ្ឋាន។ ជជីណា​និង​គ្រីស្ទីន​បន្ត​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ប្រសិនបើ​អ្នក​«​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​»​ហើយ​មិន​អស់​សង្ឃឹម នោះ​«​យូរ​ថ្ងៃ​ក្រោយ​មក​»​អ្នក​ប្រហែលជា​ទទួល​លទ្ធផល​ល្អ​ពី​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក។—រ៉ូម ១២:១២; សាស្ដ. ១១:១

[​រូបភាព​នៅ​ទំព័រ​៣០​]

[​រូបភាព​នៅ​ទំព័រ​៣០​]

[​រូបភាព​នៅ​ទំព័រ​៣០​]

[​រូបភាព​នៅ​ទំព័រ​៣០​]

ជិត​៤០​ឆ្នាំ​ក្រោយ​ពី​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា ជជីណា​បាន​ឃើញ​ប្ដី​របស់​គាត់​ទទួល​ការ​ជ្រមុជ​ទឹក

[​រូបភាព​នៅ​ទំព័រ​៣០​]

សំបុត្រ​ដែល​ស្ទែល​អឺ​បាន​ទទួល​ពី​អាល​អឺ​ស​សរសេរ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​បង​នឹង​រំភើប​ចិត្ត​ដោយ​ដឹង​ថា​អ្នក​ដែល​សិក្សា​គម្ពីរ​កាល​ពី​ឆ្នាំ​១៩៧៤​របស់​បង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​មហាសន្និបាត​ថ្មី​ៗ​នេះ​»​

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៣២​]

​«​សូម​អរគុណ​បង​ច្រើន​ណាស់​ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ទាំង​នោះ​ក្នុង​ខ្លួន​ខ្ញុំ​កាល​ពី​២៩​ឆ្នាំ​មុន ហើយ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​»។—អាល​អឺ​ស