សំបុត្ររបស់យ៉ាកុប ៤:១-១៧

  • កុំ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក (​១​-​១២)

    • ចូរ​ត​ស៊ូ​នឹង​មេកំណាច (​)

    • ចូរ​ចូល​ទៅ​ជិត​ព្រះ (​)

  • ការ​ព្រមាន​អំពី​ការ​អួតអាង (​១៣​-​១៧)

    • «​បើ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​ (​១៥)

 តើ​អ្វី​បណ្ដាល​ឲ្យ​ឈ្លោះ​ប្រកែក​និង​កើត​វិវាទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា? ការ​ទាំង​នោះ​បណ្ដាល​មក​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដែល​កំពុង​ប្រយុទ្ធ​ក្នុង​រូប​កាយ​របស់​អ្នក​រាល់​គ្នា មែន​ទេ?+ ២  អ្នក​រាល់​គ្នា​ចង់​បាន តែ​មិន​បាន​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​ស្អប់​គ្នា*និង​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​អ្នក​ឯ​ទៀត តែ​មិន​អាច​បាន​ដូច​បំណង​ទេ។ អ្នក​រាល់​គ្នា​ចេះ​តែ​កើត​វិវាទ​នឹង​គ្នា ហើយ​ឈ្លោះ​ប្រកែក​គ្នា។+ អ្នក​រាល់​គ្នា​មិន​បាន​ទទួល ដោយ​សារ​មិន​បាន​សុំ។ ៣  ពេល​ដែល​អ្នក​រាល់​គ្នា​សុំ នោះ​មិន​បាន​ទទួល​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​សុំ​ដោយ​មាន​បំណង​អាក្រក់ ដើម្បី​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​អ្នក​រាល់​គ្នា។ ៤  មនុស្ស​ផិត​ក្បត់*អើយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ មាន​ន័យ​ថា​ធ្វើ​ជា​សត្រូវ​របស់​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​ពិភព​លោក​នេះ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​របស់​ព្រះ​ហើយ។+ ៥  ឬ​តើ​អ្នក​រាល់​គ្នា​គិត​ថា​បទ​គម្ពីរ​ចែង​ឥត​ប្រយោជន៍​ឬ ដែល​ថា​៖ ​«​ដោយ​សារ​យើង​មាន​ភាព​ទោរ​ទន់​ទៅ​រក​ការ​ច្រណែន នោះ​យើង​តែង​តែ​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ផ្សេង​ៗ​»​?+ ៦  ក៏​ប៉ុន្តែ គុណ​ដ៏​វិសេស​លើស​លប់​ដែល​ព្រះ​ផ្ដល់​ឲ្យ គឺ​ខ្លាំង​ជាង។ ដូច្នេះ បទ​គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម+ តែ​លោក​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​»។+ ៧  ហេតុ​នេះ ចូរ​ចុះ​ចូល​នឹង​ព្រះ+ តែ​ចូរ​ត​ស៊ូ​នឹង​មេកំណាច*+ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។+ ៨  ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា។+ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អើយ+ ចូរ​សម្អាត​ដៃ​អ្នក​រាល់​គ្នា ហើយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​អ្នក​រាល់​គ្នា។+ ៩  ចូរ​កើត​ទុក្ខ សោកសៅ ហើយ​យំ​សោក​ចុះ។+ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​ការ​យំ​សោក ហើយ​អំណរ​ក្លាយ​ទៅ​ជា​ការ​ព្រួយ​ចិត្ត​វិញ។ ១០  ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា*ចុះ+ ហើយ​លោក​នឹង​តម្កើង​អ្នក​រាល់​គ្នា។+ ១១  បង​ប្អូន​អើយ ឈប់​និយាយ​អាក្រក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។+ អ្នក​ណា​ដែល​និយាយ​អាក្រក់​អំពី​បង​ប្អូន​ឬ​វិនិច្ឆ័យ​បង​ប្អូន អ្នក​នោះ​និយាយ​អាក្រក់​អំពី​ច្បាប់ ហើយ​វិនិច្ឆ័យ​ច្បាប់។ ឥឡូវ ប្រសិន​បើ​អ្នក​វិនិច្ឆ័យ​ច្បាប់ អ្នក​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​តាម​ច្បាប់​ទេ តែ​ជា​ចៅ​ក្រម​វិញ។ ១២  លោក​ដែល​បង្កើត​ច្បាប់​និង​ជា​ចៅ​ក្រម+ មាន​តែ​មួយ​ទេ គឺ​លោក​ដែល​អាច​សង្គ្រោះ​និង​អាច​បំផ្លាញ។+ ប៉ុន្តែ​អ្នក​វិញ តើ​អ្នក​ជា​អ្នក​ណា​បាន​ជា​វិនិច្ឆ័យ​អ្នក​ជិត​ខាង​របស់​ខ្លួន?+ ១៣  ឯ​អ្នក​រាល់​គ្នា​ដែល​និយាយ​ថា​៖ ​«​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក យើង​នឹង​ទៅ​ក្រុង​នេះ​ឬក្រុង​នោះ រួច​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ ហើយ​រក​ស៊ី​បាន​ចំណេញ​»​ សូម​គិត​ទៅ​មើល+ ១៤  អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក។+ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ័ព្ទ​ដែល​នៅ​តែ​មួយ​រយៈ​ពេល​ខ្លី រួច​បាត់​ទៅ។+ ១៥  ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​គួរ​និយាយ​ថា​៖ ​«​ប្រសិន​បើ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា*+ យើង​នឹង​រស់ ហើយ​ធ្វើ​ការ​នេះ​ឬ​ការ​នោះ​»។ ១៦  ប៉ុន្តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​មោទនភាព​ដោយ​សារ​ការ​អួតអាង​របស់​អ្នក​រាល់​គ្នា។ ការ​អួតអាង​ទាំង​អស់​បែប​នេះ​គឺ​ទុច្ចរិត។ ១៧  ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តែ​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ នោះ​ជា​ការ​ខុស​ឆ្គង​ហើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ចេះ​តែ​សម្លាប់​»​
ឬ​«​មនុស្ស​មិន​ស្មោះ​ត្រង់​»​
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥