លោតទៅអត្ថបទ

តើលោកយេស៊ូមានរូបរាងបែបណា?

តើលោកយេស៊ូមានរូបរាងបែបណា?

ចម្លើយ​ពី​គម្ពីរ

 គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ថា​លោក​យេស៊ូ​មាន​រូប​រាង​បែប​ណា​ទេ ដោយ​សារ​គម្ពីរ​មិន​បាន​រៀប​រាប់​អំពី​រូប​រាង​របស់​លោក​ឡើយ។ នេះ​បញ្ជាក់​ថា​រូប​រាង​របស់​លោក​យេស៊ូ គឺ​មិន​សំខាន់​ទេ។ ប៉ុន្តែ គម្ពីរ​ឲ្យ​តម្រុយ​ខ្លះ​ៗ ដើម្បី​យើង​អាច​ដឹង​ថា​លោក​យេស៊ូ​មាន​រូប​រាង​បែប​ណា។

  •   រូប​រាង: លោក​យេស៊ូ​គឺ​ជា​ជនជាតិ​យូដា ហើយ​លោក​ទំនង​ជា​មាន​រូប​រាង​ឬ​មុខ​មាត់​កាត់​តាម​ម្ដាយ​របស់​លោក​ដែល​ជា​ជនជាតិ​យូដា។ (​ហេប្រឺ ៧:១៤​) ដូច្នេះ លោក​មិន​ខុស​ប្លែក​ពី​មនុស្ស​ដែល​ជា​ជន​ជាតិ​នោះ​ទេ។ មាន​ពេល​មួយ លោក​អាច​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​ពី​ស្រុក​កាលីឡេ​ទៅ​ក្រុង​យេរូសាឡិម​បាន ហើយ​គ្មាន​អ្នក​ណា​អាច​រក​លោក​ឃើញ​ឡើយ។ (​យ៉ូហាន ៧:១០, ១១​) ម្យ៉ាង​ទៀត ក្នុង​ចំណោម​ពួក​អ្នក​កាន់​តាម លោក​មិន​ខុស​ប្លែក​ពី​ពួក​គេ​ទេ។ ជា​ឧទាហរណ៍ មាន​ពេល​មួយ​យូដាស​អ៊ីស្ការីយ៉ុត​បាន​នាំ​មនុស្ស​មួយ​ក្រុម​មក​រក​ចាប់​លោក​យេស៊ូ ហើយ​យូដាស​ត្រូវ​ឲ្យ​សញ្ញា​សម្គាល់​ដល់​ពួក​គេ​ដើម្បី​ដឹង​ថា​អ្នក​ណា​ជា​លោក​យេស៊ូ។—ម៉ាថាយ ២៦:៤៧​-​៤៩

  •   ប្រវែង​សក់: លោក​យេស៊ូ​ទំនង​ជា​មិន​មាន​សក់​វែង​ទេ ពីព្រោះ​គម្ពីរ​ប្រាប់​ថា​«​បុរស​ត្រូវ​អាប់​ឱន​កិត្តិយស​ប្រសិន​បើ​មាន​សក់​វែង​»។—កូរិនថូស​ទី​១ ១១:១៤

  •   ពុក​ចង្កា: លោក​យេស៊ូ​មាន​ពុក​ចង្កា។ លោក​ធ្វើ​តាម​ច្បាប់​របស់​សាសនា​យូដា ដែល​ហាម​បុរស​មិន​ឲ្យ‹កាត់​តម្រឹម​ពុក​ចង្កា​របស់​ពួក​គេ›។ (​ច្បាប់​លេវី ១៩:២៧; កាឡាទី ៤:៤​) ម្យ៉ាង​ទៀត គម្ពីរ​បាន​លើក​ឡើង​អំពី​ពុក​ចង្កា​របស់​លោក​យេស៊ូ​ក្នុង​ទំនាយ​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​រង​ទុក្ខ​វេទនា​របស់​លោក។—អេសាយ ៥០:៦

  •   រាង​កាយ: មាន​កំណត់​ហេតុ​ជា​ច្រើន​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​មាន​រាង​កាយ​មាំ​មួន។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក លោក​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​ដោយ​ថ្មើរ​ជើង។ (​ម៉ាថាយ ៩:៣៥​) លោក​បាន​សម្អាត​វិហារ​របស់​ជនជាតិ​យូដា​ពីរ​ដង ដោយ​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​យក​រំពាត់​ដេញ​សត្វ​ទាំង​អស់​ដែល​គេ​លក់ ចេញ​ពី​វិហារ។ (​លូកា ១៩:៤៥, ៤៦; យ៉ូហាន ២:១៤, ១៥​) សព្វវចនាធិប្បាយ​មួយ​បាន​សរសេរ​ថា​៖​«​កំណត់​ហេតុ​ទាំង​មូល​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​គ្រិស្ត បង្ហាញ​ថា​លោក​យេស៊ូ​មាន​កាយ​សម្បទា​រឹង​មាំ​»​ (​McClintock and Strong’s Cyclopedia ក្បាល​ទី​៤ ទំព័រ​៨៨៤​)។

  •   ទឹក​មុខ: លោក​យេស៊ូ​ជា​បុគ្គល​ដែល​កក់​ក្ដៅ និង​មាន​ចិត្ត​អាណិត​មេត្តា ដូច្នេះ​ទឹក​មុខ​លោក​ក៏​ច្បាស់​ជា​ដូច្នោះ​ដែរ។ (​ម៉ាថាយ ១១:២៨, ២៩​) មនុស្ស​គ្រប់​ប្រភេទ​បាន​ទៅ​រក​លោក​ឲ្យ​ជួយ​និង​សម្រាល​ទុក្ខ​ពួក​គេ។ (​លូកា ៥:១២, ១៣; ៧:៣៧, ៣៨​) សូម្បី​តែ​កូន​ក្មេង ក៏​មាន​អារម្មណ៍​ស្រួល​នៅ​ក្បែរ​លោក​ដែរ។—ម៉ាថាយ ១៩:១៣​-​១៥; ម៉ាកុស ៩:៣៥​-​៣៧

ការ​យល់​ខុស​អំពី​រូប​រាង​របស់​លោក​យេស៊ូ

 ការ​យល់​ខុស: មនុស្ស​ខ្លះ​អះអាង​ថា​លោក​យេស៊ូ​ចេញ​ពី​ពូជ​អាហ្វ្រិក ដោយ​សារ​សៀវភៅ​ការ​បើក​បង្ហាញ​ប្រៀប​ប្រដូច​សក់​របស់​លោក​ទៅ​នឹង​រោម​ចៀម ហើយ​ប្រដូច​ជើង​របស់​លោក​ទៅ​នឹង​«​ស្ពាន់​សុទ្ធ​ដែល​កំពុង​ភ្លឺ​ក្នុង​ឡ​»។—ការ​បើក​បង្ហាញ ១:១៤, ១៥

 ការ​ពិត: សៀវភៅ​ការ​បើក​បង្ហាញ​បាន​ត្រូវ​សរសេរ​សម្រាប់​ជា​«​និមិត្តរូប​»។ (​ការ​បើក​បង្ហាញ ១:១​) ពាក្យ​ពណ៌នា​អំពី​សក់​និង​ជើង​របស់​លោក​យេស៊ូ​គឺ​ជា​ពាក្យ​ដែល​ប្រើ​ក្នុង​ន័យ​ធៀប ដើម្បី​លើក​បញ្ជាក់​អំពី​គុណ​សម្បត្តិ​របស់​លោក​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​ពណ៌នា​អំពី​រូប​រាង​របស់​លោក​ពេល​លោក​នៅ​ផែនដី​ទេ។ ការ​បើក​បង្ហាញ ១:១៤​ចែង​ថា​៖​«​សក់​ក្បាល​របស់​លោក​ស​ស្គុស​ដូច​រោម​ចៀម​»។ នៅ​ខ​នេះ​បញ្ជាក់​អំពី​ពណ៌ មិន​មែន​លក្ខណៈ​នៃ​រោម​ចៀម​ទេ ហើយ​ពណ៌​ស​នោះ​ជា​ចំណុច​ដែល​បាន​ត្រូវ​ប្រើ​ក្នុង​ន័យ​ធៀប ជា​តំណាង​ប្រាជ្ញា​ដែល​លោក​យេស៊ូ​មាន​ដោយ​សារ​លោក​មាន​អាយុ​ច្រើន។ (​ការ​បើក​បង្ហាញ ៣:១៤​) ដូច្នេះ ខ​នេះ​មិន​បាន​ប្រៀប​ធៀប​សក់​របស់​លោក​យេស៊ូ​ទៅ​នឹង​លក្ខណៈ​នៃ​រោម​ចៀម​ទេ តែ​ប្រៀប​ធៀប​សក់​របស់​លោក​ទៅ​នឹង​ពណ៌​នៃ​រោម​ចៀម​ដែល​ស​ស្គុស​វិញ។

 ជើង​របស់​លោក​យេស៊ូ​«​ដូច​ស្ពាន់​សុទ្ធ​ដែល​កំពុង​ភ្លឺ​ក្នុង​ឡ​»។ (​ការ​បើក​បង្ហាញ ១:១៥​) រីឯ​មុខ​របស់​លោក​«​ភ្លឺ​ដូច​ថ្ងៃ​ពេល​ដែល​កំពុង​ពេញ​កម្ដៅ​»។ (​ការ​បើក​បង្ហាញ ១:១៦​) ដោយ​សារ​គ្មាន​ជាតិ​សាសន៍​ណា​មាន​ពណ៌​សម្បុរ​ដូច​ការ​ពណ៌នា​ទាំង​នោះ ដូច្នេះ​យើង​ដឹង​ថា​នេះ​គ្រាន់​តែ​ជា​ពាក្យ​ក្នុង​ន័យ​ធៀប​ប៉ុណ្ណោះ ដែល​បើក​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ទៅ​ជា​អ្នក​ដែល​«​នៅ​ក្នុង​ពន្លឺ​ដែល​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ជិត​បាន​»។—ធីម៉ូថេ​ទី​១ ៦:១៦

 ការ​យល់​ខុស: លោក​យេស៊ូ​ជា​បុរស​ទន់​ខ្សោយ។

 ការ​ពិត: លោក​យេស៊ូ​គឺ​ជា​បុរស​ពិត​ៗ។ ជា​ឧទាហរណ៍ ពេល​មនុស្ស​មួយ​ក្រុម​ដែល​ប្រដាប់​អាវុធ​មក​រក​ចាប់​លោក លោក​បាន​ចេញ​មុខ​ដោយ​ប្រាប់​ពួក​គេ​យ៉ាង​ក្លាហាន​ថា​លោក​ជា​អ្នក​ណា។ (​យ៉ូហាន ១៨:៤​-​៨​) ម្យ៉ាង​ទៀត លោក​យេស៊ូ​ជា​ជាង​ឈើ​ដែល​ធ្លាប់​ប្រើ​ឧបករណ៍​ផ្សេង​ៗ ដូច្នេះ​លោក​ច្បាស់​ជា​មាន​រាង​កាយ​រឹង​មាំ។—ម៉ាកុស ៦:៣

 បើ​ដូច្នោះ​មែន ហេតុ​អ្វី​លោក​យេស៊ូ​ចាំ​បាច់​ឲ្យ​គេ​ជួយ​លី​បង្គោល​ទារុណកម្ម​របស់​លោក? ហើយ​ហេតុ​អ្វី​លោក​ស្លាប់​មុន​អ្នក​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​ព្យួរ​ក្បែរ​លោក? (​លូកា ២៣:២៦; យ៉ូហាន ១៩:៣១​-​៣៣​) មុន​នឹង​គេ​យក​លោក​យេស៊ូ​ទៅ​ប្រហារ​ជីវិត រាង​កាយ​របស់​លោក​ខ្សោះ​កម្លាំង​រួច​ទៅ​ហើយ។ លោក​មិន​បាន​សម្រាន្ត​ពេញ​មួយ​យប់ ដោយ​សារ​លោក​បាន​កើត​ទុក្ខ​ក្រៃ​លែង។ (​លូកា ២២:៤២​-​៤៤​) នៅ​យប់​មុន​នោះ ពួក​យូដា​បាន​ធ្វើ​បាប​លោក ហើយ​ព្រឹក​ឡើង​ជន​ជាតិ​រ៉ូម​បាន​ធ្វើ​ទារុណកម្ម​លោក​ទៀត។ (​ម៉ាថាយ ២៦:៦៧, ៦៨; យ៉ូហាន ១៩:១​-​៣​) អ្វី​ទាំង​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​លោក​យេស៊ូ​ស្លាប់​លឿន​ជាង។

 ការ​យល់​ខុស: លោក​យេស៊ូ​តែង​តែ​ស្រងូត​ស្រងាត់​និង​សោកសៅ។

 ការ​ពិត: លោក​យេស៊ូ​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក​បេះ​បិទ។ គម្ពីរ​បាន​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​លោក​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​ធីម៉ូថេ​ទី​១ ១:១១; យ៉ូហាន ១៤:៩​) តាម​ពិត លោក​យេស៊ូ​បាន​បង្រៀន​អ្នក​ឯ​ទៀត​អំពី​របៀប​ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​ជីវិត​សប្បាយ​ឬ​មាន​សុភមង្គល។ (​ម៉ាថាយ ៥:៣​-​៩; លូកា ១១:២៨​) កត្តា​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ជា​រឿយ​ៗ​លោក​យេស៊ូ​មាន​ទឹក​មុខ​សប្បាយ​រីករាយ។