លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការវិវត្តន៍ ជំនឿមិនពិតនិងហេតុការណ៍ពិត

ការវិវត្តន៍ ជំនឿមិនពិតនិងហេតុការណ៍ពិត

​«​ការ​វិវត្តន៍​គឺជា​ហេតុ​ការណ៍​ពិត ដូច​ហេតុ​ការណ៍​ដែល​ថា​ព្រះអាទិត្យ​បញ្ចេញ​កម្ដៅ​នោះ​»។ នេះ​ជា​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ដ៏​ល្បីល្បាញ​ម្នាក់ ដែល​ស្រាវជ្រាវ​ខាង​ការ​វិវត្តន៍។16 ពិត​មែន​តែ ការ​ពិសោធន៍​និង​ការ​សង្កេត​មើល​បញ្ជាក់​ភ័ស្តុតាង​ថា​ព្រះអាទិត្យ​គឺ​ក្ដៅ​មែន ប៉ុន្តែ​តើ​ការ​ពិសោធន៍​និង​ការ​សង្កេត​មើល ផ្ដល់​ទី​សំ​អាង​យ៉ាង​ច្បាស់​ដែល​ប្រកែក​ពុំ​បាន​ថា សេចក្ដី​បង្រៀន​អំពី​ការ​វិវត្តន៍​គឺជា​ហេតុ​ការណ៍​ពិត​ដែរ​ឬ?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ យើង​សូម​ពន្យល់​ចំណុច​មួយ​ឲ្យ​បាន​ច្បាស់​សិន។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​បាន​កត់​សម្គាល់​ថា ភាវរស់​អាច​ប្រែ​ប្រួល​បន្ដិច​ពី​តំណ​មួយ​ទៅ​តំណ​មួយ។ ជា​ឧទាហរណ៍ មនុស្ស​អាច​បង្កាត់​ពូជ​ឆ្កែ ដើម្បី​ឲ្យ​កូន​ឆ្កែ​មាន​ជើង​ខ្លី​ជាង ឬ​រោម​វែង​ជាង​ឆ្កែ​តំណ​មុន​ៗ។ a អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ហៅ​ការ​ប្រែ​ប្រួល​បន្ដិច​បន្តួច​នេះ​ថា ​«​មីក្រូ​វិវត្តន៍​»។

ប៉ុន្តែ អ្នក​ដែល​ជឿ​លើ​ការ​វិវត្តន៍​បង្រៀន​ថា មាន​ការ​ប្រែ​ប្រួល​បន្ដិច​ម្ដង​ៗ​ក្នុង​រយៈ​ពេល​រាប់​ពាន់​លាន​ឆ្នាំ ហើយ​ដូច្នេះ​ក៏​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​យ៉ាង​ធំ​ដែល​ធ្វើ​ឲ្យ​ត្រី​ក្លាយ​ជា​សត្វ​ផ្សេង​ដែល​អាច​រស់​លើ​ដី​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន ហើយ​ក៏​ធ្វើ​ឲ្យ​សត្វ​ដែល​ស្រដៀង​ស្វា​ក្លាយ​ទៅ​ជា​មនុស្ស​ជាតិ​វិញ។ ការ​ប្រែ​ប្រួល​ដ៏​ធំ​ដែល​ពួក​គេ​ស្មាន​ថា​បាន​កើត​ឡើង​នោះ ត្រូវ​ហៅ​ថា​«​ម៉ាក្រូ​វិវត្តន៍​»។

ឆាល ដាវីន និង​សៀវភៅ​របស់​គាត់​ចំណង​ជើង​ថា​ដើម​កំណើត​ពូជ​ភាវរស់

ជា​ឧទាហរណ៍ លោក​ឆាល ដាវីន​បាន​បង្រៀន​ថា ការ​ប្រែ​ប្រួល​បន្ដិច​បន្តួច​ដែល​យើង​មើល​ឃើញ បង្ហើប​ឲ្យ​យើង​ដឹង​ថា ក៏​អាច​មាន​ការ​ប្រែ​ប្រួល​ដ៏​ធំ​ជាង​ដែរ តែ​គ្មាន​អ្នក​ណា​ធ្លាប់​សង្កេត​ឃើញ​ទេ។17 គាត់​គិត​ថា ភាវរស់​ដើម​មួយ​ចំនួន​ដែល​គេ​ចាត់​ទុក​ថា​ជា​សរីរាង្គ​សាមញ្ញ បាន​វិវត្តន៍​បន្ដិច​ម្ដង​ៗ ដោយ​«​ផ្លាស់​ប្ដូរ​លក្ខណៈ​ដើម​តែ​បន្ដិច​ទេ​»។ ក្រោយ​ច្រើន​យុគ​សម័យ ការ​ផ្លាស់​ប្ដូរ​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាវរស់​រាប់​លាន​ប្រភេទ​ដែល​មាន​នៅ​ផែន​ដី។18

ចំពោះ​មនុស្ស​ជា​ច្រើន ការ​អះអាង​នេះ​ស្ដាប់​ទៅ​ដូច​ជា​សម​ហេតុ​ផល។ ពួក​គេ​វែក​ញែក​ថា​‹​បើ​ភាវរស់​ពូជ​ណា​មួយ​អាច​ប្រែ​ប្រួល​បន្ដិច​បន្តួច​បាន នោះ​ការ​វិវត្តន៍​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ធំ​ក្នុង​រយៈ​ពេល​យូរ​បាន​›។ ប៉ុន្តែ​តាម​ការ​ពិត សេចក្ដី​បង្រៀន​អំពី​ការ​វិវត្តន៍​ផ្អែក​លើ​ជំនឿ​មិន​ពិត​បី​យ៉ាង។ ចូរ​ពិចារណា​ចំណុច​បន្ត​បន្ទាប់​នេះ។

ជំនឿ​មិន​ពិត​ទី​១: ការ​ផ្លាស់​ប្ដូរ​ឯកឯង​នៃ​ហ្សែន​ជា​កត្ដា​សំខាន់​ដែល​បង្កើត​ឲ្យ​មាន​ភាវរស់​ពូជ​ថ្មី។ សេចក្ដី​បង្រៀន​អំពី​ម៉ាក្រូ​វិវត្តន៍​ផ្អែក​លើ​ការ​អះអាង​ថា ការ​ផ្លាស់​ប្ដូរ​ឯកឯង​នៃ​ហ្សែន​របស់​សត្វ​ឬ​រុក្ខជាតិ​ដោយ​ចៃដន្យ​ហើយ​ដោយ​គ្មាន​មូលហេតុ អាច​បង្កើត​ពពួក​សត្វ​និង​រុក្ខជាតិ​ថ្មី ហើយ​រហូត​ដល់​បង្កើត​ពូជ​ថ្មី​ដែល​មិន​ធ្លាប់​មាន។19

ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​អាច​ធ្វើ​ឲ្យ​រុក្ខជាតិ​មាន​លក្ខណៈ​ប្លែក ដូច​ដើម​ផ្កា​នេះ​ធំ​ខុស​ពី​ធម្មតា តែ​ការ​ផ្លាស់​ប្ដូរ​នោះ​មាន​កម្រិត

ហេតុ​ការណ៍​ពិត: លក្ខណៈ​ផ្សេង​ៗ​នៃ​រុក្ខជាតិ​ឬ​សត្វ​គឺ​ត្រូវ​កំណត់​ដោយ​ព័ត៌មាន​សេនេទិច​ដែល​ជា​ប្លង់​មួយ​ផ្ទុក​ដោយ​ណ្វៃយ៉ូ​ក្នុង​កោសិកា​នីមួយ​ៗ។ b ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ព័ត៌មាន​សេនេទិច​នេះ អាច​ធ្វើ​ឲ្យ​រុក្ខជាតិ​និង​សត្វ​តំណ​ក្រោយ មាន​លក្ខណៈ​ខុស​ប្លែក​ពី​តំណ​មុន​ៗ។ ប៉ុន្តែ​តើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​ពិត​ជា​បង្កើត​ពូជ​រុក្ខជាតិ​និង​ពូជ​សត្វ​ថ្មី​សុទ្ធសាធ​ឬ? តើ​ការ​ស្រាវជ្រាវ​អំពី​ហ្សែន​អស់​រយៈ​ពេល​មួយ​រយ​ឆ្នាំ​ហើយ​នេះ​បាន​បញ្ជាក់​យ៉ាង​ណា​អំពី​រឿង​នោះ?

នៅ​ចុង​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៣០ អ្នក​វិទ្យាសាស្ត្រ​បាន​មាន​ចិត្ត​រំភើប​ដោយ​យល់​ស្រប​តាម​គំនិត​ថ្មី​មួយ។ មុន​នោះ ពួក​គេ​បាន​គិត​ថា ភាវរស់​ណា​ដែល​មាន​លក្ខណៈ​សម​បំផុត​នឹង​បរិស្ថាន​របស់​វា គឺ​មាន​លទ្ធភាព​ច្រើន​បំផុត​ដើម្បី​រស់​និង​បន្ត​ពូជ។ ដំណើរ​នេះ​ហៅ​ថា ជម្រើស​ធម្មជាតិ។ ពួក​គេ​ក៏​បាន​គិត​ថា នេះ​អាច​បង្កើត​ឲ្យ​មាន​ពូជ​រុក្ខជាតិ​ថ្មី ពេល​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​ដោយ​ចៃដន្យ​ហើយ​ដោយ​គ្មាន​មូលហេតុ។ ដោយ​យល់​ដូច្នេះ ពួក​គេ​បែកគំនិត​ថ្មី​មួយ គឺ​ពួក​គេ​បាន​សន្និដ្ឋាន​ថា បើ​មនុស្ស​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ នោះ​ពួក​គេ​អាច​បង្កើត​ពូជ​រុក្ខជាតិ​ថ្មី​ដ៏​ល្អ​ជាង។ លោក​វ៉ូល អេគីហាដ ឡឺនីក ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​មួយ​ខាង​ការ​បង្កាត់​ពូជ​រុក្ខជាតិ បាន​និយាយ​ថា​៖ ​«​នៅ​ពេល​នោះ ជីវវិទូ​និង​ពួក​ឯកទេស​ខាង​សេនេទិច ជា​ពិសេស​ពួក​អ្នក​បង្កាត់​ពូជ​រុក្ខជាតិ​និង​សត្វ មាន​ចិត្ត​សប្បាយ​ក្រៃ​លែង​»។ c ហេតុ​អ្វី​ពួក​គេ​សប្បាយ​ក្រៃ​លែង? លោក​ឡឺនីក ដែល​បាន​ចំណាយ​ពេល​អស់​៣០​ឆ្នាំ​ក្នុង​ការ​សិក្សា​អំពី​លក្ខណៈ​រុក្ខជាតិ​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ស្រាវជ្រាវ​ទាំង​នេះ​បាន​នឹក​ស្មានថា ពេល​នោះ​ពួក​គេ​នឹង​អាច​បង្កើត​វិធីសាស្ត្រ​ថ្មី​សម្រាប់​បង្កាត់​ពូជ​រុក្ខជាតិ​និង​សត្វ។ ពួក​គេ​បាន​គិត​ថា បើ​ពួក​គេ​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ រួច​ជ្រើស​រើស​លក្ខណៈ​ល្អ​ៗ នោះ​ពួក​គេ​អាច​បង្កើត​ពពួក​រុក្ខជាតិ​និង​សត្វ​ថ្មី​ដែល​ល្អ​ជាង​»។20 តាម​ពិត ពួក​គេ​ខ្លះ​បាន​សង្ឃឹម​ថា​នឹង​អាច​បង្កើត​ពូជ​រុក្ខជាតិ​និង​ពូជ​សត្វ​ប្រភេទ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

រុយ​ដែល​មាន​ហ្សែន​ផ្លាស់​ប្ដូរ​នៅ​តែ​ជា​រុយ ទោះ​ជា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ធម្មតា

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាម៉េរិក អាស៊ី និង​អឺរ៉ុប​បាន​ចាប់​ផ្ដើម​កម្មវិធី​ស្រាវជ្រាវ​ដែល​មាន​ការ​ឧបត្ថម្ភ​ល្អ​ខាង​លុយ​កាក់ ហើយ​ដែល​ប្រើ​វិធីសាស្ត្រ​ដែល​ពួក​គេ​នឹក​ស្មានថា​នឹង​ធ្វើ​ឲ្យ​រុក្ខជាតិ​ហើយ​សត្វ​វិវត្តន៍​លឿន​ជាង។ ក្រោយ​ពី​បាន​ខំ​ព្យាយាម​ស្រាវជ្រាវ​អស់​ជាង​៤០​ឆ្នាំ តើ​មាន​លទ្ធផល​យ៉ាង​ណា? អ្នក​ស្រាវជ្រាវ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​និយាយ​ទូទៅ ទោះ​ជា​មាន​ជំនួយ​ខាង​ថវិកា​យ៉ាង​ច្រើន​ក៏​ដោយ ក៏​ការ​ដាក់​ឲ្យ​ត្រូវ​ចំហាយ​វិទ្យុសកម្ម [​ដើម្បី​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ​] ក្នុង​បំណង​បង្កើត​ឲ្យ​មាន​ពពួក​ភាវរស់​ដែល​ល្អ​ជាង នោះ​ពុំ​បាន​សម្រេច​ឡើយ​»។21 លោក​ឡឺនីក​ក៏​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មក​ដល់​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៨០​សេចក្ដី​សង្ឃឹម​និង​ចិត្ត​សប្បាយ​ក្រៃ​លែង​របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ចប់​ដោយ​បរាជ័យ​នៅ​ទូ​ទាំង​ពិភព​លោក។ នៅ​បស្ចិម​ប្រទេស ពួក​គេ​បាន​បោះបង់​ចោល​ការ​ស្រាវជ្រាវ​វិធី​បង្កើត​ពូជ​ដោយ​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ។ រុក្ខជាតិ​និង​សត្វ​សឹង​តែ​ទាំង​អស់​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន . . . បាន​ស្លាប់ ឬ​មាន​លក្ខណៈ​ខ្សោយ​ជាង​ពពួក​ដែល​មាន​ក្នុង​ធម្មជាតិ​»។ d

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ​ទិន្នន័យ​ដែល​បាន​ត្រូវ​ប្រមូល​ពី​ការ​ស្រាវជ្រាវ​អស់​ជិត​១០០​ឆ្នាំ​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន ហើយ​អស់​៧០​ឆ្នាំ​ក្នុង​កា​រសាក​ល្បង​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ​នោះ ផ្ដល់​ទី​សំអាង​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សន្និដ្ឋាន​អំពី​រឿង​ដែល​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​អាច​បង្កើត​ពូជ​ថ្មី​បាន​ឬ​មិន​បាន។ ក្រោយ​ពី​បាន​ពិចារណា​ទី​សំអាង​ហើយ លោក​ឡឺនីក​បាន​សន្និដ្ឋាន​ថា​៖ ​«​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន [​របស់​រុក្ខជាតិ​ឬ​សត្វ​] ដែល​មាន​ក្នុង​ធម្មជាតិ មិន​អាច​បង្កើត​ពូជ​ថ្មី​សុទ្ធសាធ​មួយ​បាន​ទេ។ សេចក្ដី​សន្និដ្ឋាន​នេះ​គឺ​ស្រប​តាម​ការ​ពិសោធ​និង​លទ្ធផល​ទាំង​អស់​ដែល​បន្សល់​ទុក​ដោយ​ការ​ស្រាវជ្រាវ​អំពី​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​ក្នុង​សតវត្សរ៍​ទី​២០ ព្រម​ទាំង​ក៏​ស្រប​តាម​ទ្រឹស្តី អំពី​លទ្ធភាព​កើត​មាន​ព្រឹត្ដិការណ៍​ចៃដន្យ​ផង​ដែរ​»។

ដូច្នេះ តើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​អាច​នាំ​ឲ្យ​ភាវរស់​មួយ​ពូជ​វិវត្តន៍​ទៅ​ជា​ភាវរស់​ពូជ​ថ្មី​សុទ្ធសាធ​មួយ​ទៀត​បាន​ទេ? បើ​ពិចារណា​ទី​សំអាង យើង​ត្រូវ​ឆ្លើយ​ថា​៖ ​«​ទេ!​»។ ការ​ស្រាវជ្រាវ​របស់​លោក​ឡឺនីក​បាន​នាំ​ឲ្យ​គាត់​សន្និដ្ឋាន​ថា​៖ ​«​ពូជ​ភាវរស់​ដែល​មាន​ទម្រង់​ហ្សែន​ខុស​គ្នា គឺ​ហាក់​ដូច​ជា​ខណ្ឌ​ដាច់​ដោយ​ឡែក​ពី​ពូជ​ឯ​ទៀត ហើយ​ទោះ​ជា​ភាវរស់​មួយ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​ដោយ​ចៃដន្យ​ក៏​ដោយ ក៏​វា​នៅ​តែ​ពុំ​អាច​ផ្ដាច់​ខណ្ឌ​នោះ​ចូល​គ្នា​បាន​ដែរ​»។22

តើ​ហេតុ​ការណ៍​ពិត​ដូច​ខាង​លើ​នេះ​បង្កប់​អត្ថន័យ​អ្វី? បើ​អ្នក​វិទ្យាសាស្ត្រ​ដែល​ស្ទាត់​ជំនាញ​មិន​អាច​បង្កើត​ភាវរស់​ពូជ​ថ្មី ដោយ​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ រួច​ជ្រើស​រើស​លក្ខណៈ​ណា​ដែល​ពួក​គេ​ចង់​បាន នោះ​បាតុភូត​មួយ​ដែល​គ្មាន​សតិបញ្ញា​សោះ ច្បាស់​ជា​ពុំ​អាច​ធ្វើ​ប្រសើរ​ជាង​ពួក​គេ​បាន​ឡើយ មែន​ទេ? បើ​ការ​ស្រាវជ្រាវ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​មិន​អាច​ធ្វើ​ឲ្យ​ពូជ​ភាវរស់​ដែល​មាន​ក្នុង​ធម្មជាតិ​ក្លាយ​ទៅ​ជា​ពូជ​ថ្មី​សុទ្ធសាធ​នោះ ចុះ​តើ​ម៉ាក្រូ​វិវត្តន៍​អាច​កើត​ឡើង​ដូច​ម្ដេច​បាន?

ជំនឿ​មិន​ពិត​ទី​២: ជម្រើស​ធម្មជាតិ​នាំ​ឲ្យ​មាន​ភាវ​រស់​ពូជ​ថ្មី។ លោក​ដាវីន​បាន​ជឿ​ថា ដំណើរ​មួយ​ដែល​លោក​ហៅ​ថា​ជម្រើស​ធម្មជាតិ ធ្វើ​ឲ្យ​ភាវរស់​ណា​ដែល​មាន​លក្ខណៈ​សម​បំផុត​នឹង​បរិស្ថាន​របស់​វា​មាន​លទ្ធភាព​ច្រើន​បំផុត​ដើម្បី​រស់​និង​បន្ត​ពូជ រីឯ​ភាវរស់​ណា​ដែល​មាន​លក្ខណៈ​មិន​សម​នឹង​បរិស្ថាន នឹង​ត្រូវ​ស្លាប់​នៅ​ទី​បំផុត។ សព្វ​ថ្ងៃ​នេះ អ្នក​ដែល​ជឿ​ការ​វិវត្តន៍​បង្រៀន​ថា ពេល​ពូជ​ភាវរស់​ផ្សេង​ៗ​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​បាន​ទៅ​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​ភាវរស់​ឯ​ទៀត​ដែល​ជា​ពូជ​របស់​វា នោះ​ភាវរស់​ណា​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​ឲ្យ​សម​នឹង​បរិស្ថាន​ថ្មី បាន​រស់​រាន​មាន​ជីវិត​ត​ទៅ រីឯ​ភាវរស់​ឯ​ទៀត​បាន​ស្លាប់​ផុត​ពូជ។ តាម​ទ្រឹស្តី​របស់​អ្នក​ជឿ​ការ​វិវត្តន៍ នៅ​ទី​បំផុត ភាវរស់​ដែល​នៅ​ដាច់​ឆ្ងាយ​ទាំង​នេះ​បាន​វិវត្តន៍​ទៅ​ជា​ពូជ​ថ្មី។

ហេតុ​ការណ៍​ពិត: ដូច​អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​រួច​ហើយ លទ្ធផល​ពី​ការ​ស្រាវជ្រាវ​បង្ហាញ​ច្បាស់​ថា​ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​មិន​អាច​បង្កើត​ពូជ​រុក្ខជាតិ​ឬ​ពូជ​សត្វ​ថ្មី​សុទ្ធសាធ​បាន​ទេ។ ប៉ុន្តែ ដើម្បី​គាំទ្រ​ការ​អះអាង​ថា ធម្មជាតិ​ជ្រើស​រើស​ភាវរស់​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ល្អ​ក្នុង​ហ្សែន​ដើម្បី​បង្កើត​ពូជ​ភាវរស់​ថ្មី​នោះ តើ​អ្នក​ដែល​ជឿ​ការ​វិវត្តន៍​ផ្អែក​លើ​ទី​សំអាង​អ្វី? នៅ​សហរដ្ឋអាម៉េរិក សៀវភៅ​មួយ​បោះពុម្ព​នៅ​ឆ្នាំ​១៩៩៩ ដោយ​បណ្ឌិត​សភាជាតិ​ខាង​វិទ្យាសាស្ត្រ(​NAS​)រៀប​រាប់​អំពី​«​សត្វ​ចាប​ហ្វីន មាន​១៣​ប្រភេទ​ដែល​លោក​ដាវីន​បាន​សិក្សា​ស្រាវជ្រាវ​នៅ​បណ្ដា​កោះ​កាឡាប៉ាកុស។ សត្វ​ចាប​ទាំង​នោះ​ហៅ​ថា ចាប​ហ្វីន​របស់​លោក​ដាវីន​»។23

នៅ​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៧០ មាន​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹក​នាំ​ដោយ​ប្ដី​ប្រពន្ធ​មួយ​គូ​គឺ​លោក​ភីធឺ​និង​លោក​ស្រី​រ៉ូស្មារី ក្រាន នៅ​សកលវិទ្យាល័យ​ព្រីនស្តន់ សហរដ្ឋអាម៉េរិក។ ពួក​គាត់​ចាប់​ផ្ដើម​សិក្សា​ស្រាវជ្រាវ​អំពី​ចាប​ហ្វីន​របស់​ដាវីន​នោះ ហើយ​បាន​រក​ឃើញ​ថា ក្រោយ​ពី​មាន​ការ​រាំង​ស្ងួត​អស់​មួយ​ឆ្នាំ​នៅ​បណ្ដា​កោះ​កាឡាប៉ាកុស នោះ​ចំនួន​ចាប​ហ្វីន​ចំពុះ​ធំ​គឺ​មាន​ចំនួន​ច្រើន​ជាង​ចាប​ហ្វីន​ចំពុះ​តូច។ លទ្ធផល​ពី​ការ​ស្រាវជ្រាវ​នោះ​បាន​ត្រូវ​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ការ​មើល​រាង​និង​ទំហំ​នៃ​ចំពុះ​ចាប​ហ្វីន​ជា​វិធី​សំខាន់​បំផុត​មួយ​ដើម្បី​សម្គាល់​ពូជ​ផ្សេង​ៗ​ទាំង​១៣​របស់​វា។ សៀវភៅ​បណ្ឌិត​សភា​នោះ​រៀប​រាប់​ត​ទៅ​ទៀត​ថា​៖ ​«​លោក​និង​លោក​ស្រី​ក្រាន ប៉ាន់ស្មាន​ថា បើ​មាន​ការ​រាំង​ស្ងួត​រាល់​១០​ឆ្នាំ​ម្ដង​នៅ​កោះ​ទាំង​នេះ ប្រហែលជា​នឹង​ត្រូវ​ការ​តែ​២០០​ឆ្នាំ​ប៉ុណ្ណោះ ដើម្បី​កើត​មាន​សត្វ​ចាប​ហ្វីន​ពូជ​ថ្មី​មួយ​»។24

ក៏​ប៉ុន្តែ សៀវភៅ​របស់​បណ្ឌិត​សភា​នោះ​មិន​បាន​ប្រាប់​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​មាន​ការ​រាំង​ស្ងួត​នោះ ចំនួន​ចាប​ហ្វីន​ចំពុះ​តូច​បាន​កើន​ចំនួន​ឡើង​មាន​ច្រើន​ជាង​ចាប​ហ្វីន​ចំពុះ​ធំ​ម្ដង​ទៀត​ទេ។ អ្នក​ស្រាវជ្រាវ​បាន​ឃើញ​ថា នៅ​ឆ្នាំ​មួយ​ចាប​ហ្វីន​ចំពុះ​ធំ​មាន​ច្រើន​ជាង តែ​នៅ​ឆ្នាំ​ក្រោយ​ចាប​ហ្វីន​ចំពុះ​តូច​មាន​ច្រើន​ជាង​វិញ គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រែ​ប្រួល​អាកាសធាតុ​នៅ​កោះ​នោះ។ ពួក​គាត់​ក៏​បាន​កត់​សម្គាល់​ថា សត្វ​ចាប​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​ពូជ​ផ្សេង បាន​បន្ត​ពូជ​ជា​មួយ​គ្នា ហើយ​កូន​ទាំង​នោះ​មាន​លទ្ធភាព​រស់​ច្រើន​ជាង មេ​ឬ​បា​របស់​វា។ ហេតុ​នេះ​ហើយ ពួក​គាត់​បាន​សន្និដ្ឋាន​ថា បើ​សត្វ​ចាប​ទាំង​នោះ​បន្ត​ពូជ​ជា​មួយ​គ្នា​ត​ទៅ​ទៀត នោះ​សត្វ​ចាប​ដែល​ត្រូវ​ចាត់​ទុក​ជា​ពូជ​ពីរ​ផ្សេង​គ្នា នឹង​ទៅ​ជា​ពូជ​តែ​មួយ​វិញ។25

សត្វ​ចាប​ហ្វីន​របស់​ដាវីន​គ្រាន់តែ​បង្ហាញ​ថា​ពូជ​ភាវរស់​ចេះ​ប្រែ​ប្រួល​តាម​អាកាសធាតុ​ប៉ុណ្ណោះ

ដូច្នេះ តើ​ជម្រើស​ធម្មជាតិ​ពិត​ជា​អាច​បង្កើត​ភាវរស់​ពូជ​ថ្មី​សុទ្ធសាធ​បាន​ទេ? យូរ​ឆ្នាំ​មុន ជីវវិទូ​ខាង​ការ​វិវត្តន៍​ម្នាក់​ចាប់​ផ្ដើម​សង្ស័យ​ថា​ជម្រើស​ធម្មជាតិ​ធ្វើ​ដូច្នោះ​មិន​បាន​ទេ។26 នៅ​ឆ្នាំ​១៩៩៩ បណ្ឌិត​ទ្រឹស្តី​វិវត្តន៍​ម្នាក់​បាន​សរសេរ​ថា ជម្រើស​ធម្មជាតិ​ប្រហែលជា​ជួយ​ពូជ​ភាវរស់​ផ្សេង​ៗ​សម្រប​ខ្លួន​ទៅ​នឹង​កាលៈទេសៈ​ថ្មី ប៉ុន្តែ​មិន​មែន​បង្កើត​ពូជ​ថ្មី​នោះ​ទេ។27

ចាប​ហ្វីន​របស់​លោក​ដាវីន ប្រាកដជា​មិន​បាន​ក្លាយ​ជា​«​ពូជ​ថ្មី​»​ទេ វា​នៅ​តែ​ជា​ចាប​ហ្វីន​ដដែល។ ម្យ៉ាង​ទៀត ហេតុ​ដែល​ថា​សត្វ​ចាប​ទាំង​នោះ​កំពុង​បន្ត​ពូជ​ជា​មួយ​គ្នា ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ទៅ​លើ​វិធី​ដែល​អ្នក​ជឿ​ការ​វិវត្តន៍​កំណត់​ពូជ​ភាវរស់​ផ្សេង​ៗ។ ព័ត៌មាន​អំពី​សត្វ​ចាប​ទាំង​នេះ​ក៏​ស​ឲ្យ​ឃើញ​ដែរ​ថា សូម្បី​តែ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ដែល​គេ​គោរព​ទូទៅ​ក៏​ជួនកាល​លាក់​ព័ត៌មាន​ខ្លះ​មិន​ប្រាប់​ហេតុ​ការណ៍​ទាំង​អស់​ដែរ។

ជំនឿ​មិន​ពិត​ទី​៣: ហ្វូស៊ីល eបង្ហាញ​ឲ្យ​ឃើញ​អំពី​ម៉ាក្រូ​វិវត្តន៍។ សៀវភៅ​បណ្ឌិត​សភា​នោះ​ក៏​ធ្វើ​ឲ្យ​អ្នក​ដែល​អាន​គិត​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ហ្វូស៊ីល​ច្រើន​ណាស់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពូជ​មួយ​វិវត្តន៍​ទៅ​ជា​ពូជ​មួយ​ផ្សេង​ទៀត។ សៀវភៅ​នោះ​ប្រកាស​ថា​៖ ​«​ហ្វូស៊ីល​របស់​សត្វ​ផ្សេង​ៗ​ដែល​មាន​លក្ខណៈ​កាត់​ពូជ បាន​ត្រូវ​រក​ឃើញ។ ហ្វូស៊ីល​ទាំង​នោះ​មាន​សត្វ​ដូច​ត​ទៅ​នេះ: [​១​] សត្វ​កាត់​ពូជ​ត្រី​និង​សត្វ​ដែល​អាច​រស់​នៅ​ក្នុង​ទឹក​ហើយ​លើ​គោក។ [​២​] សត្វ​កាត់​ពូជ​ល្មូន​និង​សត្វ​ដែល​អាច​រស់​នៅ​ក្នុង​ទឹក​ហើយ​លើ​គោក។ [​៣​] សត្វ​កាត់​ពូជ​ល្មូន​និង​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ។ ក្រៅ​ពី​នោះ មាន​ហ្វូស៊ីល​បង្ហាញ​ពី​សត្វ​ផ្សេង​ៗ​ទៀត​ដែល​ជា​ពូជ​ស្វា។ ហ្វូស៊ីល​ទាំង​នេះ​មាន​ច្រើន​ដល់​ម្ល៉េះ បាន​ជា​យើង​ពិបាក​ដឹង​ថា​សត្វ​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​ពូជ​ផ្សេង​នៅ​ពេល​ណា​»។28

ហេតុ​ការណ៍​ពិត: អ្វី​ដែល​សៀវភៅ​បណ្ឌិត​សភា​ចែង​ដោយ​ជំនឿ​ជឿ​ជាក់​នោះ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ជា​ខ្លាំង។ ហេតុ​អ្វី? អ្នក​ជឿ​ជាក់​ខាង​ការ​វិវត្តន៍​ម្នាក់​បាន​មាន​ប្រសាសន៍​ថា តាម​ទិន្នន័យ​ពី​ហ្វូស៊ីល សត្វ​មិន​បាន​ប្រែ​ប្រួល​បន្ដិច​ម្ដង​ៗ​រហូត​ដល់​ទៅ​ជា​សត្វ​ផ្សេង​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​និយាយ​ថា​សំណុំ​ទិន្នន័យ​ហ្វូស៊ីល​ស​ឲ្យ​ឃើញ​ថា អស់​មួយ​រយៈ​ពេល​យូរ ​«​ពូជ​ភាវរស់​ភាគ​ច្រើន​បាន​វិវត្តន៍​តែ​បន្ដិច​ប៉ុណ្ណោះ ឬ​មិន​បាន​ប្រែ​ប្រួល​សោះ​»។29

យោង​ទៅ​តាម​សំណុំ​ទិន្នន័យ​ហ្វូស៊ីល ពពួក​សត្វ​សំខាន់​ៗ​ទាំង​អស់​បាន​លេច​ឡើង​ភ្លាម​មួយ​រំពេច ហើយ​មិន​បាន​ប្រែ​ប្រួល​ច្រើន​ទេ

មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​វិទ្យាសាស្ត្រ​ទូ​ទាំង​ពិភព​លោក​បាន​ជីក​កកាយ​រក​ហ្វូស៊ីល​ធំ​ៗ​ប្រហែល​២០០​លាន ថែម​ទាំង​ហ្វូស៊ីល​តូច​ៗ​រាប់​ពាន់​លាន ហើយ​បាន​ធ្វើ​បញ្ជី​រាយ​នាម​ហ្វូស៊ីល​ទាំង​នោះ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​នាក់​យល់​ស្រប​ថា ទិន្នន័យ​ល្អិត​ល្អន់​អំពី​ហ្វូស៊ីល​ដ៏​ច្រើន​ទាំង​នេះ បង្ហាញ​ថា​ពពួក​សត្វ​សំខាន់​ៗ​ទាំង​អស់​បាន​លេច​ឡើង​ភ្លាម​មួយ​រំពេច ហើយ​បង្ហាញ​ថា​វា​មិន​បាន​ប្រែ​ប្រួល​ច្រើន​ទេ ក៏​មាន​សត្វ​ជា​ច្រើន​ក្នុង​ចំណោម​សត្វ​ទាំង​នោះ​ដែល​បាន​ផុត​ពូជ​បាត់​តែ​ម្ដង។

ជំនឿ​លើ​ការ​វិវត្តន៍​ជា​ការ​ជឿ​ងងឹតងងល់

ហេតុ​អ្វី​បាន​ជា​អ្នក​វិទ្យាសាស្ត្រ​ល្បី​ៗ​ជា​ច្រើន​នាក់​ដែល​ជឿ​លើ​ការ​វិវត្តន៍ និយាយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ម៉ាក្រូ​វិវត្តន៍​ជា​ហេតុ​ការណ៍​ពិត? អ្នក​ជឿ​លើ​ការ​វិវត្តន៍​នាំ​មុខ​គេ​ម្នាក់ បាន​សរសេរ​ដោយ​ឥត​លាក់​លៀម​ថា អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​សុខ​ចិត្ត​ជឿ​ការ​អះអាង​ដែល​គ្មាន​ទី​សំអាង ពីព្រោះ​ពួក​គេ​«​ត្រូវ​ស្មោះ​ត្រង់​នឹង​ទ្រឹស្តី​ថា​គ្មាន​អ្នក​បង្កើត​ទេ​»។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​មិន​ទាំង​ព្រម​ពិចារណា​ថា​មាន​ឬ​មិន​មាន​អ្នក​គ្រោង​បង្កើត​ដែល​មាន​សតិ​បញ្ញា​នោះ​ទេ។ ហេតុ​អ្វី? គាត់​ក៏​បាន​សរសេរ​ទៀត​ថា​៖ ​«​ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ យើង​មិន​អាច​ទទួល​ស្គាល់​ថា​មាន​ព្រះ​ទេ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ផង​»។30

ស្តី​អំពី​រឿង​នេះ ទស្សនាវដ្ដី​មួយ​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​សង្គមវិទ្យា​មួយ​រូប​ថា​៖ ​«​អស់​២០០​ឆ្នាំ​ហើយ មាន​គេ​ផ្សព្វ​ផ្សាយ​បំផុស​គំនិត​ថា បើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​វិទ្យាសាស្ត្រ នោះ​មិន​ត្រូវ​ឲ្យ​សាសនា​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត​របស់​អ្នក​ទេ​»។ គាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា នៅ​សកលវិទ្យាល័យ​ផ្នែក​ការ​ស្រាវជ្រាវ ​«​អ្នក​ដែល​មាន​ជំនឿ​សាសនា​បិទ​មាត់​ជិត មិន​និយាយ​អំពី​ព្រះ​ទេ​»។31

បើ​លោក​អ្នក​ជឿ​ថា​សេចក្ដី​បង្រៀន​អំពី​ម៉ាក្រូ​វិវត្តន៍​គឺ​ពិត លោក​អ្នក​ក៏​ត្រូវ​ជឿ​លើ​រឿង​មួយ​ចំនួន​ទៀត​ដែរ គឺ​លោក​អ្នក​ត្រូវ​ជឿ​ថា ពួក​អ្នក​វិទ្យាសាស្ត្រ​ដែល​មិន​ប្រាកដ​ថា​មាន​ព្រះ ឬ​ក៏​មិន​ជឿ​ថា​មាន​ព្រះ​នោះ ពួក​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ជំនឿ​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​បក​ស្រាយ​លទ្ធផល​ពី​ការ​ស្រាវជ្រាវ​ទេ។ លោក​អ្នក​ក៏​ត្រូវ​ជឿ​ដែរ​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​និង​ជម្រើស​ធម្មជាតិ​បាន​បណ្ដាល​ឲ្យ​មាន​ភាវរស់​គ្រប់​ប្រភេទ ទោះ​ជា​ការ​ស្រាវជ្រាវ​អស់​មួយ​រយ​ឆ្នាំ​ហើយ​បាន​បង្ហាញ​ថា ការ​ផ្លាស់​ប្ដូរ​ក្នុង​ហ្សែន​មិន​បាន​ធ្វើ​ឲ្យ​ពូជ​ភាវរស់​ណា​មួយ​ក្លាយ​ទៅ​ជា​ពូជ​ថ្មី​ក៏​ដោយ។ ម្យ៉ាង​ទៀត លោក​អ្នក​ត្រូវ​ជឿ​ថា ជីវិត​ទាំង​ឡាយ​បាន​វិវត្តន៍​បន្ដិច​ម្ដង​ៗ​ពី​បុព្វ​សត្វ​តែ​មួយ ទោះ​ជា​សំណុំ​ទិន្នន័យ​ហ្វូស៊ីល​បង្ហាញ​ច្បាស់​ថា ពពួក​សត្វ​និង​រុក្ខជាតិ​សំខាន់​ៗ​បាន​លេច​ឡើង​ភ្លាម​មួយ​រំពេច ហើយ​ក្នុង​អំឡុង​រាប់​យុគ​សម័យ​មិន​បាន​វិវត្តន៍​ទៅ​ជា​ប្រភេទ​ផ្សេង​ទៀត​ក៏​ដោយ។ តើ​ជំនឿ​បែប​នេះ​ស្ដាប់​ទៅ​ដូច​ជា​មាន​មូលដ្ឋាន​លើ​ហេតុ​ការណ៍​ពិត​ឬ​ទេ? ឬ​ក៏​មាន​មូលដ្ឋាន​លើ​ជំនឿ​មិន​ពិត​ទៅ​វិញ? បើ​និយាយ​ឲ្យ​ត្រង់​ទៅ ជំនឿ​លើ​ការ​វិវត្តន៍​ជា​ការ​ជឿ​ងងឹតងងល់។

a លក្ខណៈ​ខុស​ប្លែក​របស់​ឆ្កែ​ដែល​គេ​បាន​បង្កាត់​ពូជ ច្រើន​តែ​មក​ពី​ហ្សែន​លែង​មាន​ដំណើរ​ការ​ប្រក្រតី។ ជា​ឧទាហរណ៍ ឆ្កែ​ដាក់​ហ្សុន​គឺ​មាន​មាឌ​តូច ដោយ​សារ​ឆ្អឹង​ខ្ចី​របស់​វា​មិន​លូត​លាស់ នាំ​ឲ្យ​តឿ។

b ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ស៊ីតូប្លាស ភ្នាស​ស៊ីតូប្លាស និង​ផ្នែក​ឯ​ទៀត​ក្នុង​កោសិកា​ក៏​មាន​នាទី​ក្នុង​ការ​កំណត់​លក្ខណៈ​នៃ​ភាវរស់​ដែរ។

c លោក​ឡឺនីក​ជឿ​ថា​ជីវិត​បាន​ត្រូវ​បង្កើត។ ពាក្យ​របស់​គាត់​ក្នុង​សៀវភៅ​នេះ​គឺ​ជា​មតិ​របស់​គាត់​ផ្ទាល់ មិន​មែន​ជា​មតិ​របស់​វិទ្យាស្ថាន​ដែល​គាត់​ធ្វើ​ការ​នោះ​ទេ។

d ពេល​ដែល​ពួក​គេ​សាក​ល្បង​បណ្ដាល​ឲ្យ​ហ្សែន​ផ្លាស់​ប្ដូរ​នោះ មាន​រុក្ខជាតិ​និង​សត្វ​កើត​មក​មាន​លក្ខណៈ​ថ្មី។ ប៉ុន្តែ​ពេល​ដែល​សាក​ល្បង​ត​ទៅ​ទៀត ឃើញ​ថា លក្ខណៈ​ថ្មី​នោះ​មាន​កាន់​តែ​តិច​ទៅ​ៗ រីឯ​រុក្ខជាតិ​និង​សត្វ​ក្រោយ​ៗ​ដែល​បាន​កើត​មក​មាន​តែ​លក្ខណៈ​ដដែល​ៗ មិន​ឃើញ​មាន​លក្ខណៈ​ថ្មី​ផ្សេង​ទៀត​ទេ។ បន្ថែម​ទៅ​ទៀត តិច​ជាង​មួយ​ភាគ​រយ​នៃ​រុក្ខជាតិ​ដែល​មាន​ហ្សែន​ផ្លាស់​ប្ដូរ​បាន​ត្រូវ​ជ្រើស​រើស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ត​ទៅ​ទៀត។ ក្រោយ​ស្រាវជ្រាវ​ហើយ ពួក​គេ​ឃើញ​ថា​តិច​ជាង​មួយ​ភាគ​រយ​នៃ​រុក្ខជាតិ​នោះ គឺ​សម​យក​ទៅ​ដាក់​នៅ​ទី​ផ្សារ។ ក៏​ប៉ុន្តែ មិន​ដែល​មាន​ពូជ​ថ្មី​សុទ្ធសាធ​កើត​មក​ឡើយ សូម្បី​តែ​មួយ​ក៏​ដោយ។ លទ្ធផល​ពី​ការ​បណ្ដាល​ឲ្យ​ហ្សែន​របស់​សត្វ​ផ្លាស់​ប្ដូរ​គឺ​អាក្រក់​ជាង​ពេល​ដែល​បណ្ដាល​ឲ្យ​ហ្សែន​រុក្ខជាតិ​ផ្លាស់​ប្ដូរ​ទៅ​ទៀត។ ដូច្នេះ ពួក​គេ​បាន​បោះបង់​ចោល​វិធីសាស្ត្រ​នោះ​ទាំង​ស្រុង។

e ហ្វូស៊ីល​ជា​ឆ្អឹង​ឬ​ស្នាម​របស់​សត្វ​ឬ​រុក្ខជាតិ​កប់​ជាប់​ក្នុង​ថ្ម​អស់​ច្រើន​យុគ​សម័យ។