គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ពួកគាត់ចង់ឲ្យខ្ញុំស្វែងយល់សេចក្ដីពិតដោយខ្លួនឯង»
រៀបរាប់ដោយ លូអ៊ីស អាលេហ្វន់សូ
ឆ្នាំកំណើត: ១៩៨២
ប្រទេសកំណើត: សាធារណរដ្ឋដូមីនីកាំង
ប្រវត្ដិ: បានធំឡើងក្នុងសាសនាមរមន
អតីតកាលរបស់ខ្ញុំ: ខ្ញុំបានកើតនៅសាន់តូ ដូមីងកូ សាធារណរដ្ឋដូមីនីកាំង។ ខ្ញុំជាកូនពៅក្នុងចំណោមបងប្អូនបួននាក់។ ឪពុកម្ដាយរបស់ខ្ញុំមានការអប់រំខ្ពស់ និងចង់ឲ្យពួកយើងធំឡើងក្នុងចំណោមមនុស្សល្អនិងទៀងត្រង់។ បួនឆ្នាំមុនដែលខ្ញុំកើត ឪពុកម្ដាយខ្ញុំបានជួបសាសនទូតមរមន។ ឪពុកម្ដាយខ្ញុំបានកោតស្ងើចកាលដែលឃើញយុវជនសាសនាមរមនស្លៀកពាក់ស្អាតបាត ហើយមានសុជីវធម៌។ មិនយូរប៉ុន្មានពួកគាត់បានសម្រេចចិត្តថា គ្រួសារយើងនឹងចូលជាសមាជិកវិហារសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឬវិហារមរមន។ យើងនៅក្នុងចំណោមក្រុមគ្រួសារដែលចូលមុនគេ។
ពេលខ្ញុំធំឡើង ខ្ញុំចូលចិត្តពិធីជួបជុំកម្សាន្តនៅឯវិហារ និងសេចក្ដីបង្រៀនរបស់មរមនដែលបញ្ជាក់អំពីជីវិតគ្រួសារនិងគោលការណ៍សីលធម៌។ ខ្ញុំមានមោទនភាពជាអ្នកកាន់សាសនាមរមន និងមានគោលដៅចង់ក្លាយជាសាសនទូត។
ពេលខ្ញុំអាយុ១៨ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំប្ដូរទៅរស់នៅសហរដ្ឋអាម៉េរិក ដើម្បីខ្ញុំអាចបន្តការសិក្សានៅសកលវិទ្យាល័យល្អបាន។ ប្រហែលមួយឆ្នាំក្រោយមក ម្ដាយមីងនិងឪពុកមារបស់ខ្ញុំដែលជាសាក្សីព្រះយេហូវ៉ាមកលេងយើងនៅរដ្ឋហ្ល័ររីដា។ ពួកគាត់អញ្ជើញពួកយើងឲ្យចូលរួមមហាសន្និបាតដែលបង្រៀនអំពីគម្ពីរ។ ខ្ញុំមានចិត្តកោតស្ងើចដែលមនុស្សនៅជុំវិញខ្ញុំបើកមើលបទគម្ពីរ និងកត់កំណត់។ ឃើញដូច្នេះខ្ញុំបានសុំក្រដាសនិងប៊ិច រួចធ្វើដូចពួកគាត់ដែរ។
ក្រោយមហាសន្និបាតនោះ ម្ដាយមីងនិងឪពុកមារបស់ខ្ញុំនិយាយថាពួកគាត់អាចជួយខ្ញុំឲ្យរៀនអំពីគម្ពីរ ដោយឃើញថាខ្ញុំចាប់អារម្មណ៍ចង់ធ្វើជាសាសនទូត។ ខ្ញុំគិតថានេះជាគំនិតល្អមែន ពីព្រោះនៅពេលនោះខ្ញុំស្គាល់សៀវភៅមរមនជាងស្គាល់គម្ពីរ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: ក្នុងអំឡុងពេលដែលយើងពិគ្រោះគ្នាអំពីគម្ពីរតាមទូរស័ព្ទ ម្ដាយមីងនិងឪពុកមារបស់ខ្ញុំតែងតែលើកទឹកចិត្តខ្ញុំឲ្យប្រៀបធៀបអ្វីដែលខ្ញុំជឿទៅនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ។ ពួកគាត់ចង់ឲ្យខ្ញុំស្វែងយល់សេចក្ដីពិតដោយខ្លួនឯង។
ខ្ញុំយល់ស្របនឹងអ្វីៗជាច្រើននៃជំនឿរបស់សាសនាមរមន។ ប៉ុន្តែ ខ្ញុំមិនទាន់ច្បាស់ថាគំនិតទាំងអស់នោះស្របគ្នានឹងអ្វីដែលមានក្នុងគម្ពីរនៅឡើយទេ។ ម្ដាយមីងខ្ញុំផ្ញើទស្សនាវដ្ដីភ្ញាក់រឭក!(Awake!)ឲ្យខ្ញុំមួយច្បាប់ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ
១៩៩៥ បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា ហើយក្នុងនោះមានអត្ថបទខ្លះនិយាយអំពីជំនឿរបស់សាសនាមរមន។ ខ្ញុំបានភ្ញាក់ផ្អើលដោយសារមានសេចក្ដីបង្រៀនជាច្រើនរបស់សាសនាមរមនដែលខ្ញុំមិនធ្លាប់ដឹង។ នោះជំរុញខ្ញុំឲ្យស្រាវជ្រាវតាមរយៈគេហទំព័ររបស់ពួកមរមនដើម្បីឲ្យច្បាស់ថាអ្វីដែលបានរៀបរាប់ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ជាការពិត។ ពេលដែលខ្ញុំទៅលេងសារមន្ទីរនៅរដ្ឋយូថា ខ្ញុំបានឃើញកាន់តែច្បាស់ថាអ្វីដែលបានរៀបរាប់ក្នុងទស្សនាវដ្ដីនោះ គឺជាការពិតមែន។ខ្ញុំធ្លាប់តែជឿថាសៀវភៅមរមននិងគម្ពីរមិនប្រឆាំងគ្នាទេ។ ក៏ប៉ុន្តែ ពេលខ្ញុំចាប់ផ្ដើមអានគម្ពីរដោយយកចិត្តទុកដាក់ នោះខ្ញុំបានសង្កេតឃើញភាពមិនស្របគ្នារវាងសេចក្ដីបង្រៀនរបស់មរមននិងអ្វីដែលចែងក្នុងគម្ពីរ។ ឧទាហរណ៍ ក្នុងគម្ពីរនៅសៀវភៅអេសេគាល ១៨:៤ចែងថា ព្រលឹងស្លាប់។ ផ្ទុយទៅវិញ សៀវភៅមរមន នៅអាលម៉ា ៤២:៩ចែងថា៖ «ព្រលឹងពុំអាចស្លាប់ឡើយ»។
បន្ថែមទៅលើសេចក្ដីបង្រៀនដែលមិនស្របគ្នា ខ្ញុំច្របូកច្របល់អំពីគំនិតជាតិនិយមដែលបង្រៀនដោយពួកមរមន។ ជាឧទាហរណ៍ ពួកមរមនបានបង្រៀនថាពីដើមសួនច្បារអេដែនស្ថិតនៅចាកសិនខោនទី រដ្ឋមីហ្សូរី សហរដ្ឋអាម៉េរិក។ បន្ថែមទៀត អ្នកដឹកនាំសាសនាបង្រៀនថា «នគរព្រះនឹងគ្រប់គ្រងតាមរយៈសហរដ្ឋអាម៉េរិកដោយផ្អែកលើគោលការណ៍នៃសេរីភាពនិងសិទ្ធស្មើភាពគ្នា»។
ខ្ញុំមានការសង្ស័យអំពីអ្វីដែលពួកមរមនបង្រៀនថានឹងកើតឡើងដល់ប្រទេសខ្ញុំនិងប្រទេសផ្សេងៗទៀត។ នៅល្ងាចមួយ ពេលខ្ញុំបានទទួលទូរស័ព្ទពីប្អូនប្រុសមរមនម្នាក់ដែលកំពុងទទួលការបង្ហាត់បង្រៀនដើម្បីធ្វើជាសាសនទូត ខ្ញុំបាននិយាយអំពីរឿងនេះ។ ខ្ញុំបានសួរគាត់ចំៗថា បើប្រទេសរបស់គាត់ធ្វើសង្គ្រាមជាមួយប្រទេសរបស់ពួកគេ តើគាត់នឹងប្រយុទ្ធជាមួយអ្នកជឿគ្នីគ្នារបស់គាត់ទេ? ខ្ញុំភ្ញាក់ផ្អើលពេលគាត់ឆ្លើយថាបាទ! ខ្ញុំស្រាវជ្រាវបន្ថែមទៀតអំពីសេចក្ដីបង្រៀននៃជំនឿរបស់ខ្ញុំ និងសុំយោបល់ពីអ្នកដឹកនាំវិហារមរមន។ ពួកគេបានឆ្លើយមកខ្ញុំវិញថា ថ្ងៃមួយសំណួររបស់ខ្ញុំនិងអាថ៌កំបាំងផ្សេងទៀតនឹងបានត្រូវដោះស្រាយដូចជាពន្លឺដែលភ្លឺកាន់តែខ្លាំងឡើង។
ខ្ញុំខកចិត្តនឹងការបកស្រាយរបស់ពួកមរមន។ ដូច្នេះ ខ្ញុំបានពិចារណាយ៉ាងដិតដល់អំពីខ្លួនខ្ញុំនិងមូលហេតុដែលខ្ញុំចង់ធ្វើជាសាសនទូតមរមន។ ខ្ញុំទទួលស្គាល់ថា មូលហេតុមួយដែលខ្ញុំចង់ធ្វើជាសាសនទូត ព្រោះខ្ញុំចង់ជួយមនុស្សឯទៀត។ មូលហេតុមួយទៀតដែលខ្ញុំចង់ធ្វើជាសាសនទូត ដោយសារមនុស្សនឹងគោរពខ្ញុំ។ ក៏ប៉ុន្តែ អ្វីដែលព្រះចូលចិត្ត ខ្ញុំពិតជាមិនបានដឹងច្រើនអំពីលោកទេ។ ថ្វីបើពីមុនខ្ញុំបានពិនិត្យមើលគម្ពីរច្រើនដងច្រើនសាក្ដី តែខ្ញុំមិនបានឲ្យតម្លៃគម្ពីរទាល់តែសោះ។ ខ្ញុំមិនបានដឹងអ្វីសោះអំពីគោលបំណងរបស់ព្រះសម្រាប់ផែនដីនិងមនុស្សជាតិ។
ផលប្រយោជន៍ដែលខ្ញុំទទួល: តាមរយៈការសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ខ្ញុំបានរៀនអ្វីៗជាច្រើន ក្នុងនោះខ្ញុំបានរៀនអំពីនាមរបស់ព្រះ អ្វីដែលនឹងកើតឡើងពេលដែលយើងស្លាប់ និងតួនាទីរបស់លោកយេស៊ូក្នុងការសម្រេចបំណងប្រាថ្នារបស់ព្រះ។ នៅទីបំផុត ខ្ញុំបានស្គាល់សៀវភៅដ៏អស្ចារ្យនេះ ហើយខ្ញុំសប្បាយចិត្តនឹងនិយាយប្រាប់មនុស្សឯទៀតអំពីអ្វីដែលខ្ញុំបានរៀនពីសេចក្ដីពិត។ ខ្ញុំបានដឹងថាមានព្រះ ប៉ុន្តែ ឥឡូវខ្ញុំអាចនិយាយទៅលោកតាមរយៈសេចក្ដីអធិដ្ឋានដូចជានិយាយជាមួយមិត្តដ៏ល្អរបស់ខ្ញុំ។ ខ្ញុំទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ាម្នាក់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៤។ ប្រាំមួយខែក្រោយមកខ្ញុំចាប់ផ្ដើមបម្រើពេញពេលក្នុងកិច្ចផ្សព្វផ្សាយជាគ្រិស្តសាសនិក។
អស់រយៈពេលប្រាំឆ្នាំ ខ្ញុំបានបម្រើនៅមន្ទីរចាត់ការពិភពលោករបស់សាក្សីព្រះយេហូវ៉ានៅក្រុងប៊្រុគ្លីនរដ្ឋញូវយ៉ក។ ខ្ញុំមានអំណរយ៉ាងក្រៃលែងដែលខ្ញុំអាចរួមចំណែកក្នុងការផលិតគម្ពីរ និងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ ដែលមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកអាចទទួលប្រយោជន៍ ហើយខ្ញុំរក្សាអំណរដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៨]
[រូបភាពនៅទំព័រ៩]