លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លែងមានមហន្ដរាយធម្មជាតិទៀត!

លែងមានមហន្ដរាយធម្មជាតិទៀត!

លែង​មាន​មហន្តរាយ​ធម្មជាតិ​ទៀត!

បើ​នរណា​ម្នាក់​ប្រាប់​លោក​អ្នក​ថា​៖ ​«​នៅ​ពេល​បន្ដិច​ទៀត​នឹង​គ្មាន​គ្រោះ​មហន្តរាយ​ទៀត​»​ តើ​លោក​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​អ្នក​ប្រហែលជា​ឆ្លើយ​ថា​៖ ​«​អ្នក​យល់សប្ដិ​ទេ​ដឹង។ គ្រោះ​មហន្តរាយ​ជា​បាតុភូត​ធម្មជាតិ​ដែល​ត្រូវ​តែ​មាន​»។ ឬ​ក៏​លោក​អ្នក​ប្រហែលជា​គិត​ថា​‹នេះ​មិន​គួរ​ឲ្យ​ជឿ​ទេ!›។

ទោះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មើល​ទៅ​ដូច​ជា​មិន​អាច​បំបាត់​ចោល​បាន​ក៏​ដោយ សេចក្ដី​សង្ឃឹម​ដែល​ថា​នឹង​លែង​មាន​គ្រោះ​មហន្តរាយ​ទៀត​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ក៏​ប៉ុន្តែ ការ​ផ្លាស់​ប្ដូរ​នេះ​មិន​មែន​មក​ពី​ការ​ខំ​ប្រឹងប្រែង​របស់​មនុស្ស​ឡើយ។ មនុស្ស​ជាតិ​មិន​អាច​យល់​យ៉ាង​ពេញ​លេញ​អំពី​របៀប​និង​មូលហេតុ​ដែល​មាន​គ្រោះ​មហន្តរាយ​ក្នុង​ធម្មជាតិ​បាន​ទេ ដូច្នេះ​ពួក​គេ​ច្បាស់​ជា​មិន​អាច​គ្រប់​គ្រង​ឬ​ផ្លាស់​ប្ដូរ​ធម្មជាតិ​បាន​ឡើយ។ ស្តេច​សាឡូម៉ូន​នៅ​ស្រុក​អ៊ីស្រាអែល​ពី​សម័យ​បុរាណ ជា​មនុស្ស​ល្បីល្បាញ​ដោយ​សារ​ប្រាជ្ញា​និង​ការ​ពូកែ​សង្កេត​មើល គាត់​បាន​សរសេរ​ថា​៖ ​«​មនុស្ស​នឹង​ស្វែងរក​ឲ្យ​ដឹង​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែងរក​យ៉ាង​ណា គង់តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​ប្រាជ្ញ​ណា​ស្មានថា នឹង​រក​ស្គាល់​បាន ក៏​គង់តែ​មិន​អាច​នឹង​យល់​បាន​ដែរ​»។—សាស្ដា ៨:១៧

បើ​មនុស្ស​ជាតិ​មិន​អាច​គ្រប់​គ្រង់​លើ​គ្រោះ​មហន្តរាយ​ធម្មជាតិ តើ​នរណា​អាច​គ្រប់​គ្រង​បាន? គម្ពីរ​បាន​ដៅ​បញ្ជាក់​ថា​ព្រះ​ដែល​ជា​អ្នក​បង្កើត​ផែនដី លោក​អាច​កែប្រែ​ស្ថានការណ៍​នេះ​បាន។ លោក​ជា​អ្នក​ដែល​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ធម្មជាតិ​ផ្សេង​ៗ ដូច​ជាវ​ដ្ដ​ទឹក​ជា​ដើម។ (​សាស្ដា ១:៧​) ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​យើង ព្រះ​មាន​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត​ឡើយ។ យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​បញ្ជាក់​អំពី​រឿង​នេះ​ដោយ​ពោល​ថា​៖ ​«​ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ! មើល! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី ដោយ​សារ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ នឹង​ព្រះ​ពាហុ​ដ៏​លើក​សំ​រេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ​»។ (​យេរេមា ៣២:១៧​) ដោយ​សារ​ព្រះ​បាន​បង្កើត​ផែនដី​និង​ធាតុ​ទាំង​ឡាយ​នៅ​ផែនដី នោះ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​លោក​ដឹង​អំពី​របៀប​គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​មនុស្ស​អាច​រស់​នៅ​ដោយ​សន្ដិភាព​និង​ដោយ​សុវត្ថិភាព។—ទំនុកតម្កើង ៣៧:​១១; ១១៥:១៦

បើ​ដូច្នេះ តើ​ព្រះ​នឹង​បំបាត់​គ្រោះ​មហន្តរាយ​យ៉ាង​ដូច​ម្ដេច? សូម​ចាំ​អ្វី​ដែល​លោក​អ្នក​បាន​អាន​ក្នុង​អត្ថបទ​ទី​២​នៃ​ទស្សនាវដ្ដី​នេះ​ដែល​រៀប​រាប់​ថា​អ្វី​ៗ​ដ៏​គួរ​ឲ្យ​ខ្លាច​ដែល​មាន​នៅ​លើ​ផែនដី​នេះ​គឺជា​«​សញ្ញា​សម្គាល់​»​ដែល​បញ្ជាក់​ថា​នេះ​ជា​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង ចូរ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថាយ ២៤:៣; លូកា ២១:៣១​) រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​រដ្ឋាភិបាល​មួយ​ដែល​ព្រះ​បង្កើត​ឡើង​នៅ​ស្ថាន​សួគ៌ នឹង​កែប្រែ​ផែនដី ហើយ​រដ្ឋាភិបាល​នេះ​ថែម​ទាំង​អាច​គ្រប់​គ្រង​ធម្មជាតិ​បាន​ទៀត​ផង។ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ដើម្បី​សម្រេច​អ្វី​ៗ​ទាំង​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់​ក៏​ដោយ លោក​បាន​សម្រេច​ចិត្ត​ប្រគល់​ភារកិច្ច​នេះ​ទៅ​បុត្រ​របស់​លោក​វិញ។ ដោយ​និយាយ​អំពី​បុត្រ​នេះ ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ពោល​ថា​៖ ​«​នោះ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​អំណាច​គ្រប់​គ្រង នឹង​សិរី​ល្អ ព្រម​ទាំង​ឲ្យ​មាន​រាជ្យ​ផង ដើម្បី​ឲ្យ​បណ្ដា​ជន​ទាំង​ឡាយ សាសន៍​ដទៃ នឹង​មនុស្ស​គ្រប់​ភាសា​បាន​គោរព​ដល់​ទ្រង់​»។—ដានីយ៉ែល ៧:១៤

លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​ទទួល​ឫទ្ធានុភាព​ដែល​លោក​ត្រូវ​ការ​ដើម្បី​កែប្រែ​ស្ថានភាព​នៅ​ផែនដី​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​មាន​សុភមង្គល។ ពីរ​ពាន់​ឆ្នាំ​មុន ពេល​ដែល​លោក​យេស៊ូ​រស់​នៅ​លើ​ផែនដី លោក​បាន​បង្ហាញ​ថា លោក​មាន​សមត្ថភាព​គ្រប់​គ្រង​ធម្មជាតិ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ ពេល​ដែល​លោក​និង​ពួក​អ្នក​កាន់​តាម​ជិះ​ទូក​នៅ​សមុទ្រ​កាលីឡេ ​«​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ ហើយ​រលក​បាន​បក់​បោក​វាយ​ផ្ទប់​ទូក​នោះ រហូត​ដល់​ទឹក​ចូល​ជិត​ពេញ​»។ ពួក​អ្នក​កាន់​តាម​លោក​តក់​ស្លុត​ខ្លាំង​ណាស់។ ដោយ​ភ័យ​ខ្លាច​ស្លាប់ ពួក​គេ​បាន​សុំ​ជំនួយ​ពី​លោក​យេស៊ូ។ តើ​លោក​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា? លោក​គ្រាន់តែ​«​ស្តីបន្ទោស​ខ្យល់ ថែម​ទាំង​ស្រដី​ទៅ​សមុទ្រ​ថា​៖ ‹ចូរ​ស្ងៀម​ទៅ!›។ រួច​ខ្យល់​ក៏​ស្ងប់ ហើយ​ក៏​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង​»។ ពួក​អ្នក​កាន់​តាម​លោក​បាន​នឹក​អស្ចារ្យ ហើយ​សួរ​គ្នា​ថា​៖ ​«​តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? សូម្បី​តែ​ខ្យល់​និង​សមុទ្រ​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​»។—ម៉ាកុស ៤:៣៧​-​៤១

ក្រោយ​ពី​ពេល​នោះ​មក លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ ហើយ​លោក​បាន​ទទួល​ឫទ្ធានុភាព​និង​អំណាច​កាន់​តែ​ខ្លាំង។ ក្នុង​ឋានៈ​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ លោក​មាន​អំណាច​និង​សមត្ថភាព​កែប្រែ​អ្វី​ៗ​ទាំង​អស់​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​សុខសាន្ត និង​ដោយ​សុវត្ថិភាព​នៅ​ផែនដី។

ក៏​ប៉ុន្តែ ដូច​យើង​បាន​ឃើញ បញ្ហា និង​គ្រោះ​មហន្តរាយ​ជា​ច្រើន កើត​ឡើង​ដោយ​សារ​ស្នា​ដៃ​របស់​មនុស្ស ដែល​ពួក​គេ​បណ្ដាល​ឡើង ឬ​ធ្វើ​ឲ្យ​មាន​កាន់​តែ​ច្រើន​ឡើង​ដោយ​ភាព​អាត្មា​និយម​និង​ចិត្ត​លោភ​លន់ ដើម្បី​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​មនុស្ស។ តើ​រាជាណាចក្រ​នេះ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បន្ត​ប្រព្រឹត្ត​អ្វី​ៗ​ទាំង​នោះ ហើយ​មិន​ព្រម​កែប្រែ? គម្ពីរ​បាន​ចែង​ថា លោក​ម្ចាស់​យេស៊ូ​លេច​មក​«​ពី​ស្ថាន​សួគ៌​ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំងក្លា​របស់​លោក ក្នុង​អណ្ដាត​ភ្លើង ពេល​ដែល​លោក​សង​សឹក​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​»។ ពិត​មែន​ហើយ លោក​នឹង​«​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។—ថែស្សាឡូនិច​ទី​២ ១:៧, ៨; ការ​បើក​បង្ហាញ ១១:១៨

ក្រោយ​មក លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​«​ស្តេច​លើ​ស្តេច​ទាំង​អស់​»​នឹង​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ធម្មជាតិ​នៅ​ផែនដី។ (​ការ​បើក​បង្ហាញ ១៩:១៦​) លោក​នឹង​មិន​ឲ្យ​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ​រង​គ្រោះ​ដោយ​សារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៀត​ឡើយ។ លោក​នឹង​ប្រើ​ឫទ្ធានុភាព​របស់​លោក​កាន់កាប់​លើ​ធម្មជាតិ​ដើម្បី​ឲ្យ​មនុស្ស​ទទួល​ប្រយោជន៍​ពី​អាកាសធាតុ​និង​រដូវ​កាល​ផ្សេង​ៗ។ ជា​លទ្ធផល អ្វី​ដែល​ព្រះ​បាន​សន្យា​ចំពោះ​រាស្ត្រ​របស់​លោក​ជា​យូរ​យារ​មក​ហើយ​នឹង​បាន​សម្រេច ពោល​គឺ​៖ ‹ខ្ញុំ​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ហើយ​ដី​នឹង​ចំរើន​ផល ឯ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចំ​ការ នោះ​នឹង​បង្កើត​ផ្លែ​ដែរ›។ (​លេវីវិន័យ ២៦:៤​) មនុស្ស​នឹង​អាច​សង់ផ្ទះ​ដោយ​មិន​ភ័យ​ព្រួយ​ថា​បាត់​បង់​ទៅ​វិញ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ណា​មួយ​ឡើយ ព្រោះ​«​គ្រា​នោះ មនុស្ស​នឹង​សង់ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំ​ការ​ទំពាំង​បាយ​ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ​»។—អេសាយ ៦៥:២១

តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី?

ដូច​មនុស្ស​ជា​ច្រើន លោក​អ្នក​ច្បាស់​ជា​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​គ្មាន​គ្រោះ​មហន្តរាយ​មក​បំផ្លិចបំផ្លាញ​ទៀត។ បើ​ដូច្នេះ តើ​លោក​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រស់​នៅ​ក្នុង​ពិភព​លោក​នោះ? ដោយ​សារ​«​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​»​ និង​«​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​»​នឹង​មិន​បាន​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​លែង​មាន​គ្រោះ​មហន្តរាយ​នៅ​ពេល​អនាគត​នោះ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ឥឡូវ​នេះ លោក​អ្នក​ត្រូវ​រៀន​អំពី​ព្រះ ហើយ​គាំទ្រ​ការ​រៀបចំ​របស់​លោក​ស្តី​អំពី​អ្នក​គ្រប់​គ្រង​ផែនដី​នេះ។ ព្រះ​តម្រូវ​ឲ្យ​យើង​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់ ហើយ​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដែល​លោក​បាន​បង្កើត​ឡើង​តាម​រយៈ​បុត្រ​របស់​លោក។

វិធី​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​រៀន​អ្វី​ៗ​ទាំង​នេះ​គឺ​ដោយ​សិក្សា​គម្ពីរ​ឲ្យ​បាន​ដិត​ដល់។ ក្នុង​គម្ពីរ​មាន​ការ​ណែនាំ​ដែល​ជួយ​យើង​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ប្រកប​ដោយ​សុវត្ថិភាព​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ។ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​រៀន​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន។ ពួក​គេ​ប្រុង​ប្រៀប​ជួយ​លោក​អ្នក​ក្នុង​គោល​បំណង​នេះ​ជា​និច្ច។ លោក​អ្នក​អាច​ជឿ​ជាក់​ថា បើ​លោក​អ្នក​ខំ​ព្យាយាម​ដើម្បី​ស្គាល់​ព្រះ ហើយ​ស្ដាប់​តាម​ដំណឹង​ល្អ នោះ​ពាក្យ​នៅ​សុភាសិត ១:​៣៣​នឹង​ក្លាយ​ជា​ការ​ពិត​ចំពោះ​លោក​អ្នក ខ​នោះ​ចែង​ថា​៖ ‹អ្នក​ណា​ដែល​ស្ដាប់​តាម​ខ្ញុំ នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត ហើយ​នឹង​មាន​សេចក្ដី​សំ​រាក ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អាក្រក់​ឡើយ›។