លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

សំណួរ​ពី​អ្នក​អាន

គម្ពីរ​បរិសុទ្ធ​មិន​បាន​រៀប​រាប់​អំពី​ការ​លើក​កែវ​ជូន​ពរ​ទេ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​ធ្វើ?

ការ​លើក​កែវ​ស្រា(ឬ​ភេសជ្ជៈ​ឯ​ទៀត​ដែល​មាន​ជាតិ​ស្រា)ជូន​ពរ ជា​ទម្លាប់​មួយ​ដែល​មនុស្ស​ទូទាំង​ពិភព​លោក​ធ្វើ ហើយ​ជា​ទម្លាប់​ដែល​មាន​យូរ​យារ​ណាស់​មក​ហើយ ទោះ​ជា​វិធី​លើក​កែវ​ជូន​ពរ​គឺ​ខុស​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ក៏​ដោយ។ ជួន​កាល​អ្នក​ដែល​លើក​កែវ​ជូន​ពរ​ទង្គិច​កែវ​គ្នា។ ធម្មតា​បុគ្គល​ដែល​លើក​កែវ​ជូន​ពរ​សុំ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​មាន​សុភមង្គល សុខភាព​ល្អ ឬ​មាន​អាយុ​យឺន​យូរ​ជា​ដើម។ អ្នក​ឯ​ទៀត​ដែល​ចូល​រួម​ក្នុង​ការ​លើក​កែវ​ជូន​ពរ​នោះ ប្រហែល​ជា​និយាយ​ពាក្យ​ខ្លះ​ដែល​បង្ហាញ​ថា​ពួក​គេ​យល់​ស្រប ឬ​លើក​កែវ​របស់​ខ្លួន ហើយ​ពិសា​ស្រា​ខ្លះ។ ចំពោះ​មនុស្ស​ជា​ច្រើន នេះ​ជា​ទម្លាប់​ដែល​មើល​ទៅ​គ្មាន​អ្វី​អាក្រក់​ទេ ឬ​ជា​ការ​បង្ហាញ​ការ​គួរ​សម​ប៉ុណ្ណោះ។ ប៉ុន្តែ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​លើក​កែវ​ជូន​ពរ។

នេះ​គឺ​មិន​មែន​ដោយ​សារ​គ្រិស្ត​សាសនិក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​មាន​សុភមង្គល​និង​មាន​សុខភាព​ល្អ​ទេ។ ក្នុង​សំបុត្រ​មួយ​ដែល​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​ជូន​ទៅ​ក្រុម​ជំនុំ​ទាំង​ឡាយ ពួក​គេ​បាន​បញ្ចប់​សំបុត្រ​នោះ​ដោយ​មាន​ពាក្យ​ដែល​អាច​បក​ប្រែ​ថា«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ» «សូម​ឲ្យ​មាន​សុខភាព​ល្អ» ឬ«សូម​ឲ្យ​បាន​ចម្រុង​ចម្រើន»។ (សកម្មភាព ១៥:២៩) ម្យ៉ាង​ទៀត ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​បាន​និយាយ​ទៅ​ស្តេច​ដែល​ជា​មនុស្ស​ថា៖ «សូម​ឲ្យ​ព្រះ​អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​បាន​ប្រកប​ដោយ​សេចក្ដី​ចំរើន​ជា​និច្ច​ទៅ» ឬ«សូម​ឲ្យ​ព្រះ​ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ»។—ពង្សាវតារ​ក្សត្រ​ទី​១ ១:៣១; នេហេមា ២:៣

ក៏​ប៉ុន្តែ តើ​ទម្លាប់​លើក​កែវ​ជូន​ពរ​មាន​ដើម​កំណើត​មក​ពី​ណា? ទស្សនាវដ្ដី​ប៉ម​យាម​ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៦៨​បាន​ដក​ស្រង់​ពី​សព្វវចនាធិប្បាយ​មួយ (The Encyclop​æ​dia Britannica (1910), Volume 13, page 121) ថា៖ «ទម្លាប់​នៃ​ការ​លើក​កែវ​ស្រា​ជូន​ពរ​អ្នក​ឯ​ទៀត​ឲ្យ​មាន​សុខភាព​ល្អ ទំនងជា​មក​ពី​ពិធី​បុណ្យ​សាសនា​នៅ​សម័យ​បុរាណ​ដែល​គេ​ផឹក​ជា​គ្រឿង​បូជា​ជូន​ព្រះ​ផ្សេង​ៗ​និង​មនុស្ស​ស្លាប់។ ពេល​បរិភោគ​អាហារ ជន​ជាតិ​ក្រិច​និង​រ៉ូម​ច្រួច​ស្រា​ជូន​ព្រះ​របស់​គេ ហើយ​ពេល​មាន​ពិធី​ជប់​លៀង​ជា​ផ្លូវ​ការ ពួក​គេ​លើក​កែវ​ជូន​ពរ​ព្រះ​ទាំង​នោះ និង​ជូន​មនុស្ស​ស្លាប់​ដែរ»។ សព្វវចនាធិប្បាយ​នោះ​ក៏​បន្ថែម​ដែរ​ថា៖ «ទម្លាប់​លើក​កែវ​ស្រា​ជូន​ពរ​ជា​គ្រឿង​បូជា​មួយ​ប្រភេទ​ដែល​ពួក​គេ​ធ្លាប់​ធ្វើ នេះ​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​ការ​លើក​កែវ​ស្រា​ជូន​ពរ​ឲ្យ​មនុស្ស​ដែល​នៅ​រស់​មាន​សុខភាព​ល្អ»។

តើ​នេះ​អាច​នៅ​យក​ជា​ការ​បាន​ឬ​ទេ? សៀវភៅ​អំពី​ស្រា​និង​វប្បធម៌​ដែល​ចេញ​នៅ​ឆ្នាំ​១៩៩៥​បាន​ចែង​ថា៖ «[ទម្លាប់​លើក​កែវ​ជូន​ពរ]ប្រហែល​ជា​សល់​មក​ពី​ការ​ជូន​ស្រា​ជា​គ្រឿង​បូជា​នៅ​សម័យ​បុរាណ ដែល​នៅ​ពេល​នោះ​គេ​ជូន​ទឹក​ពិសិដ្ឋ​ទៅ​ព្រះ​ផ្សេង​ៗ ពោល​គឺ​ស្រា​ឬ​ឈាម​ដើម្បី​ឲ្យ​អ្នក​ជូន អាច​ធ្វើ​សំណូម​ពរ​ឬ​អធិដ្ឋាន​ដោយ​ពោល​ពាក្យ​ដូច​ជា‹សូម​ឲ្យ​បាន​អាយុ​វែង!› ឬ‹សូម​ឲ្យ​អ្នក​មាន​សុខភាព​ល្អ!›ជា​ដើម» (International Handbook on Alcohol and Culture)។

ទោះ​ជា​វត្ថុ សញ្ញា ឬ​ការ​ប្រព្រឹត្ត​ណា​មួយ​ដែល​មាន​ដើម​កំណើត​ឬ​មាន​អ្វី​ដូច​គ្នា​ក្នុង​សាសនា​មិន​ពិត​ក៏​ដោយ នេះ​មិន​តែង​តែ​មាន​ន័យ​ថា​អ្នក​គោរព​ប្រណិប័តន៍​ពិត​មិន​អាច​មាន​ឬ​ប្រើ​បាន​នោះ​ទេ។ សូម​គិត​អំពី​ផ្លែ​ទទឹម។ សព្វវចនាធិប្បាយ​ល្បី​មួយ​ខាង​គម្ពីរ​បាន​រាយ​ការណ៍​ថា៖ «តាម​មើល​ទៅ​សាសនា​ទាំង​អស់​ក្រៅ​ពី​គ្រិស្ត​សាសនា សាសនា​យូដា និង​សាសនា​អ៊ីស្លាម​ក៏​បាន​ប្រើ​ផ្លែ​ទទឹម​ដើម្បី​តំណាង​អ្វី​ដែល​បរិសុទ្ធ»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​បាន​បង្គាប់​ឲ្យ​គេ​ប៉ាក់​ផ្លែ​ទទឹម​លើ​ជាយ​សម្លៀក​បំពាក់​របស់​សម្ដេច​សង្ឃ ហើយ​នៅ​ក្នុង​វិហារ​របស់​សាឡូម៉ូន​មាន​ផ្លែ​ទទឹម​ព័ទ្ធ​ជុំ​វិញ​សសរ​ស្ពាន់។ (និក្ខមនំ ២៨:៣៣; ពង្សាវតារ​ក្សត្រ​ទី​២ ២៥:១៧) ម្យ៉ាង​ទៀត នៅ​គ្រា​មួយ ចិញ្ចៀន​អាពាហ៍ពិពាហ៍​មាន​សារៈ​សំខាន់​ក្នុង​សាសនា។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​អំពី​នេះ​ទេ ដោយ​គិត​ថា​ចិញ្ចៀន​អាពាហ៍ពិពាហ៍​គ្រាន់​តែ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា​បុគ្គល​ម្នាក់​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ។

ចុះ​យ៉ាង​ណា​វិញ​អំពី​ការ​ប្រើ​ស្រា​ក្នុង​ពិធី​សាសនា? ជា​ឧទាហរណ៍ នៅ​ពេល​មួយ មនុស្ស​នៅ​ស៊ីគែម​ដែល​គោរព​ប្រណិប័តន៍​ព្រះ​បាល​បាន«ចូល​ទៅ​ស៊ី​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​ដាក់​បណ្ដាសា​ដល់​អ័ប៊ីម្ម៉ាឡិច» ដែល​ជា​កូន​របស់​គេឌាន។ (ពួក​ចៅហ្វាយ ៩:២២​-​២៨) តើ​អ្នក​គិត​ថា​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ចូល​រួម​ក្នុង​ការ​ផឹក​ស្រា​បែប​នោះ ប្រហែល​ដើម្បី​សុំ​ឲ្យ​ព្រះ​មិន​ពិត​ធ្វើ​បាប​អ័ប៊ីម្ម៉ាឡិចឬ​ទេ? ដោយ​ពណ៌នា​អំពី​គ្រា​ដែល​មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​អ៊ីស្រាអែល​នឹង​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា នោះ​អេម៉ុស​បាន​និយាយ​ថា៖ ‹គេ​ដេក​នៅ​ក្បែរ​គ្រប់​ទាំង​អាស​នា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​របស់​ពួក​អ្នក​ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ›។ (អេម៉ុស ២:៨) តើ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​នឹង​ចូល​រួម​ក្នុង​ពិធី​នោះ ទោះ​ជា​ត្រូវ​ច្រួច​ស្រា​ជូន​ព្រះ​ផ្សេង​ៗ ឬ​ត្រូវ​ផឹក​នៅ​ពិធី​នោះ​ក៏​ដោយ​ឬ​ទេ? (យេរេមា ៧:១៨) ឬ​ក៏​តើ​អ្នក​គោរព​ប្រណិប័តន៍​ពិត​នឹង​លើក​កែវ​ស្រា ហើយ​សុំ​ព្រះ​ណា​មួយ​ឲ្យ​ធ្វើ​បាប​បុគ្គល​ម្នាក់​ឬ​ជួយ​ឲ្យ​គេ​មាន​អនាគត​ល្អ​ឬ​ទេ?

គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ថា ជួន​កាល​ពួក​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​លើក​ដៃ​សុំ​លោក​ឲ្យ​ជួយ​ពួក​គេ​មាន​លទ្ធផល​ល្អ។ ពួក​គេ​បាន​លើក​ដៃ​ទៅ​ព្រះ​ពិត។ គម្ពីរ​បរិសុទ្ធ​បាន​ចែង​ថា៖ «សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាស​នា​នៃ​ព្រះ​យេហូវ៉ា . . . ក៏​លើក​ព្រះ​ហស្ត​ប្រ​ទូល​ទៅ​លើ​មេឃ​ថា ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ . . . សូម​ទ្រង់​ស្ដាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ លុះ​កាល​ណា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង»។ (ពង្សាវតារ​ក្សត្រ​ទី​១ ៨:២២, ២៣, ៣០) ស្រដៀង​គ្នា​ដែរ «អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះ​យេហូវ៉ា . . . បាន​ប្រកប​ដោយ​ព្រះ​ពរ ពួក​បណ្ដា​ជន​ក៏​ទទួល​ថា អាម៉ែន​ៗ ដោយ​ប្រ​ទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា»។ (នេហេមា ៨:៦; ធីម៉ូថេ​ទី​១ ២:៨) គឺ​ច្បាស់​ណាស់​ហើយ ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ​មិន​បាន​លើក​ដៃ​ទៅ​លើ​មេឃ​សុំ​ពរ​ពី​ព្រះ​ដែល​ផ្ដល់​សំណាង​ទេ។—អេសាយ ៦៥:១១

មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ដែល​ចូល​រួម​លើក​កែវ​ជូន​ពរ ប្រហែល​មិន​គិត​ថា​ពួក​គេ​កំពុង​ធ្វើ​សំណូម​ពរ​ឬ​សុំ​ពរ​ពី​ព្រះ​ណា​មួយ​ទេ តែ​ពួក​គេ​ក៏​មិន​អាច​ពន្យល់​បាន​ដែរ​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​លើក​កែវ​ស្រា​ទៅ​លើ។ ក៏​ប៉ុន្តែ ថ្វី​បើ​ពួក​គេ​មិន​ខ្វល់​អំពី​រឿង​នេះ​ក៏​ដោយ នោះ​មិន​គួរ​ជំរុញ​ឲ្យ​គ្រិស្ត​សាសនិក​ពិត​ធ្វើ​តាម​ពួក​គេ​ឡើយ។

ទោះ​ជា​មនុស្ស​ជា​ច្រើន​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ក៏​ដោយ តែ​គេ​ដឹង​ជា​ទូទៅ​ថា សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​ក្នុង​សកម្មភាព​នោះ​ទេ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​សម្ដែង​ឥរិយាបថ​ចំពោះ​សញ្ញា​ជា​និមិត្តរូប​ជាតិ ឬ​ទង់​ជាតិ ហើយ​ពួក​គេ​មិន​ចាត់​ទុក​ថា​ឥរិយាបថ​ទាំង​នោះ​ជា​ការ​សម្ដែង​នូវ​ការ​គោរព​បូជា​ទេ។ បើ​អ្នក​ឯ​ទៀត​សម្ដែង​នូវ​ឥរិយាបថ​នោះ គ្រិស្ត​សាសនិក​ពិត​មិន​រា​រាំង​ពួក​គេ​ទេ ហើយ​ពួក​គេ​ផ្ទាល់​ក៏​មិន​ចូល​រួម​ដែរ។ បើ​ដឹង​ថា​ប្រហែល​ជា​មាន​ពិធី​បែប​នោះ ហើយ​ដោយ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទើស​ចិត្ត សាក្សី​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​មិន​មាន​វត្តមាន​ក្នុង​អំឡុង​ពិធី​នោះ។ ពួក​គេ​តាំង​ចិត្ត​មិន​សម្ដែង​ឥរិយាបថ​ដែល​បង្ហាញ​នូវ​ជាតិ​និយម ដែល​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​នៃ​គម្ពីរ​ឡើយ។ (និក្ខមនំ ២០:៤, ៥; យ៉ូហាន​ទី​១ ៥:២១) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​គិត​ថា​ការ​លើក​កែវ​ជូន​ពរ​ជាប់​ទាក់​ទង​នឹង​សាសនា​ទេ។ ក៏​ប៉ុន្តែ មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​គ្រិស្ត​សាសនិក​មិន​ចូល​រួម​ក្នុង​ការ​លើក​កែវ​ជូន​ពរ​ដែល​មាន​ដើម​កំណើត​ពី​សាសនា ហើយ​សូម្បី​តែ​ឥឡូវ​នេះ គេ​ក៏​អាច​មាន​ទស្សនៈ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​សុំ​ពរ​ពី«ស្ថាន​សួគ៌​ខាង​លើ» ហាក់​ដូច​ជា​សុំ​ជំនួយ​ពី​បុគ្គល​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​លើស​ពី​មនុស្ស​ធម្មតា។—និក្ខមនំ ២៣:២