លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កោដ្ឋដែលជារបស់ក្រុមគ្រួសារកៃផាស

កោដ្ឋដែលជារបស់ក្រុមគ្រួសារកៃផាស

កោដ្ឋ​ដែល​ជា​របស់​ក្រុម​គ្រួសារ​កៃផាស

ម្ដង​ម្កាល របកគំហើញ​ខាង​បុរាណវត្ថុវិទ្យា​បាន​បញ្ជាក់​យ៉ាង​ចំ​ៗ​និង​ដោយ​ប្រយោល​អំពី​បុគ្គល​ដែល​មាន​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០១១ បណ្ឌិត​ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ស្តី​អំពី​ការ​រក​ឃើញ​មួយ​ដែល​បញ្ជាក់​ដោយ​ប្រយោល​អំពី​បុគ្គល​ដែល​មាន​ក្នុង​គម្ពីរ។ ការ​រក​ឃើញ​នោះ​គឺជា​កោដ្ឋ​មួយ​ដែល​មាន​ចំណាស់​២.០០០​ឆ្នាំ ពោល​គឺ​ហឹប​មួយ​ធ្វើ​ពី​ថ្ម​កំបោរ​ដែល​គេ​តុបតែង​លម្អ​ដែល​នៅ​ក្នុង​នោះ​មាន​ឆ្អឹង​របស់​មនុស្ស​ស្លាប់​ម្នាក់​ដែល​គេ​បាន​ដាក់​ចូល​ក្រោយ​ពី​សាកសព​របស់​គាត់​បាន​រលួយ។

កោដ្ឋ​ដ៏​ពិសេស​នេះ​មាន​អក្សរ​ចារឹក​ថា​៖ ​«​មៀរាម​ជា​កូន​ស្រី​របស់​យេហូសួ ដែល​ជា​កូន​ប្រុស​របស់​កៃផាស​ដែល​ជា​សង្ឃ​ពី​បេតអ៊ីមរី​»។ សម្ដេច​សង្ឃ​ជន​ជាតិ​យូដា​នេះ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​កាត់​ទោស​និង​ការ​ប្រហារ​ជីវិត​លោក​យេស៊ូ​គឺ​កៃផាស។ (​យ៉ូន. ១១:៤៨​-​៥០​) ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​ផ្លាវៀស យ៉ូសេហ្វឺស​បាន​និយាយ​អំពី​គាត់​ថា​ជា​«​យ៉ូសែប​ដែល​បាន​ត្រូវ​ហៅ​ថា​កៃផាស​»។ កោដ្ឋ​នេះ​ច្បាស់​ជា​របស់​សាច់​ញាតិ​ម្នាក់​របស់​សម្ដេច​សង្ឃ​នោះ។ ដោយ​សារ​អក្សរ​ចារឹក​នៅ​លើ​កោដ្ឋ​ដែល​គេ​បាន​រក​ឃើញ​ពី​មុន ដែល​គេ​បាន​គិត​ជា​របស់​សម្ដេច​សង្ឃ​ដែល​មាន​ឈ្មោះ​ថា​យេហូសែប បា កៃផាស ឬ​យ៉ូសែប​ដែល​ជា​កូន​របស់​កៃផាស * នោះ​មៀរាម​ជាប់​សាច់​ញាតិ​ជា​មួយ​កៃផាស​តាម​របៀប​ណា​មួយ។

យោង​ទៅ​តាម​ព័ត៌មាន​ដែល​អាជ្ញាធរ​ខាង​បុរាណវត្ថុ​របស់​អ៊ីស្រាអែល (​IAA​) បាន​ផ្ដល់​ឲ្យ កោដ្ឋ​របស់​មៀរាម​បាន​ត្រូវ​រឹប​អូស​ពី​ចោរ​ដែល​លួច​វត្ថុ​ផ្សេង​ៗ​ពី​ផ្នូរ​បុរាណ។ ការ​វិភាគ​លើ​វត្ថុ​បុរាណ​នេះ​និង​អក្សរ​ចារឹក​នៅ​លើ​វត្ថុ​នេះ បញ្ជាក់​ថា​គឺជា​កោដ្ឋ​របស់​មៀរាម​មែន។

កោដ្ឋ​របស់​មៀរាម​ក៏​ប្រាប់​យើង​ឲ្យ​ដឹង​អំពី​អ្វី​មួយ​ថ្មី​ដែរ។ កោដ្ឋ​នោះ​ប្រាប់​អំពី​«​ម្អាស៊ា​»​ដែល​ជា​ក្រុម​សង្ឃ​ចុង​ក្រោយ​ក្នុង​ចំណោម​សង្ឃ​ទាំង​២៤​ក្រុម ដែល​បាន​ចែក​វេន​គ្នា​បម្រើ​នៅ​វិហារ​នា​ក្រុង​យេរូសាឡិម។ (​១រប. ២៤:១៨​) អាជ្ញាធរ​ខាង​បុរាណវត្ថុ​របស់​អ៊ីស្រាអែល​បាន​ប្រាប់​ថា អក្សរ​ចារឹក​ដែល​នៅ​លើ​កោដ្ឋ​នេះ​បង្ហាញ​ថា​«​ក្រុម​គ្រួសារ​របស់​កៃផាស​គឺ​មក​ពី​ក្រុម​របស់​ម្អាស៊ា​»។

អក្សរ​ចារឹក​នេះ​ក៏​រៀប​រាប់​អំពី​បេតអ៊ីមរី​ដែរ។ មាន​ការ​បក​ស្រាយ​ពីរ​យ៉ាង​អំពី​ពាក្យ​នេះ​នៅ​លើ​អក្សរ​ចារឹក​នោះ។ អាជ្ញាធរ​ខាង​បុរាណវត្ថុ​របស់​អ៊ីស្រាអែល​និយាយ​ថា​៖ ​«​ការ​បក​ស្រាយ​ទី​១ គឺ​បេតអ៊ីមរី​អាច​ជា​ឈ្មោះ​របស់​ក្រុម​គ្រួសារ​មួយ​របស់​សង្ឃ ពោល​គឺ​កូន​ចៅ​អ៊ីមមើរ (​អែស. ២:៣៦, ៣៧; នេហ. ៧:៣៩​-​៤២​) ដែល​រួម​មាន​សមាជិក​នៃ​ក្រុម​របស់​ម្អាស៊ា​»។ ​«​ការ​បក​ស្រាយ​ទី​២ គឺ​[​បេតអ៊ីមរី​]​អាច​ជា​ស្រុក​កំណើត​របស់​មៀរាម​ឬ​របស់​ក្រុម​គ្រួសារ​មៀរាម​ទាំង​មូល​»។ ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ កោដ្ឋ​របស់​មៀរាម​ផ្ដល់​ភ័ស្តុតាង​ថា គម្ពីរ​បាន​និយាយ​អំពី​មនុស្ស​ដែល​មាន​ពិត​ប្រាកដ ដែល​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ពិត​ប្រាកដ។

[​កំណត់​សម្គាល់​]

^ វគ្គ 3 ស្តី​អំពី​កោដ្ឋ​របស់​កៃផាស សូម​មើល​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា ​«​សម្ដេច​សង្ឃ​ដែល​បាន​កាត់​ទោស​លោក​យេស៊ូ​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០០៦ ទំព័រ​១០​-​១៣ ជា​ភាសា​អង់គ្លេស។

[​រូបភាព​នៅ​ទំព័រ​៣០​]

រូបភាព​នៅ​ខាង​ក្រោយ: កន្លែង​មួយ​ដែល​ជា​ទូទៅ​គេ​បាន​ទុក​កោដ្ឋ

[អ្នក​ផ្ដល់​សិទ្ធិ]

Todd Bolen/BiblePlaces.com

[​រូបភាព​នៅ​ទំព័រ​៣០​]

[អ្នក​ផ្ដល់​សិទ្ធិ]

Boaz Zissu, Bar-Ilan University, Israel