លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអនាគតរបស់អ្នកពិតជាផ្អែកទៅលើអ្វី?

តើអនាគតរបស់អ្នកពិតជាផ្អែកទៅលើអ្វី?

មនុស្ស​ជា​ច្រើន​ជឿ​ថា អ្វី​មួយ​ដែល​ពួក​គេ​មើល​មិន​ឃើញ​កំពុង​តែ​គ្រប់​គ្រង​ទៅ​លើ​អនាគត​របស់​ពួក​គេ។ ដោយ​ផ្អែក​លើ​ជំនឿ​នេះ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ពួក​គេ​ជឿ​ថា​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ។

អ្វី​ដែល​មនុស្ស​ជា​ច្រើន​ជឿ

ហោរាសាស្ត្រ: មនុស្ស​ខ្លះ​ជឿ​ថា ទី​តាំង​នៃ​ផ្កាយ​នៅ​ពេល​ដែល​បុគ្គល​ម្នាក់​កើត​កំណត់​អនាគត​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​មើល​ហោរាសាស្ត្រ ដើម្បី​ដឹង​ថា​ពួក​គេ​គួរ​ឬ​មិន​គួរ​ធ្វើ​អ្វី​មួយ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​ដើម្បី​មាន​ជីវិត​ជោគ​ជ័យ។

ហុងស៊ុយ: មនុស្ស​ខ្លះ​ជឿ​ថា បើ​ពួក​គេ​សង់​ឬ​រៀប​ផ្ទះ​តាម​របៀប​ណា​មួយ នោះ​ពួក​គេ​នឹង​ទទួល​បាន​សុភមង្គល​និង​ភាព​ជោគ​ជ័យ។ ឡូវីង *​ដែល​រស់​នៅ​ទី​ក្រុង​ហុងកុង​បាន​និយាយ​ថា​៖​«​គ្រូ​ហុងស៊ុយ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា បើ​ខ្ញុំ​ដាក់​កែវ​ចរណៃ​ក្នុង​ហាង​របស់​ខ្ញុំ​នៅ​កន្លែង​ដែល​គាត់​បាន​កំណត់​ឲ្យ នោះ​ខ្ញុំ​នឹង​អាច​រក​លុយ​បាន​ច្រើន​ជាង​មុន​»។

ការ​សែន​ជីដូន​ជីតា: មនុស្ស​ខ្លះ​ជឿ​ថា ពួក​គេ​ត្រូវ​គោរព​បូជា​ជីដូន​ជីតា​ដែល​បាន​ស្លាប់​ឬ​ព្រះ​ឯ​ទៀត ដើម្បី​ទទួល​ការ​ការ​ពារ​និង​ពរ​ពី​ពួក​គាត់។ វ៉ាន់​ដែល​រស់​នៅ​ប្រទេស​វៀតណាម​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជឿ​ថា​បើ​ខ្ញុំ​សែន​ជីដូន​ជីតា​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទទួល​បាន​ជីវិត​ល្អ​នៅ​ឥឡូវ​នេះ ហើយ​ខ្ញុំ​និង​កូន​ៗ​នឹង​មាន​អនាគត​ល្អ​»។

ការ​ចាប់​ជាតិ: មនុស្ស​ជា​ច្រើន​ជឿ​ថា ពេល​បុគ្គល​ម្នាក់​ស្លាប់​គាត់​នឹង​ចាប់​ជាតិ ហើយ​នេះ​នឹង​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត។ ពួក​គាត់​ជឿ​ថា​អ្វី​ដែល​ល្អ​ឬ​អាក្រក់​ដែល​ពួក​គាត់​ជួប​ប្រទះ គឺ​ដោយ​សារ​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​កាល​ពី​ជាតិ​មុន។

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​គិត​ថា អ្វី​ទាំង​នេះ​គឺ​គ្រាន់​តែ​ជា​អបិយជំនឿ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ចូល​ចិត្ត​ការ​ទាយ​បាត​ដៃ មើល​ហោរាសាស្ត្រ ក្ដារ​សម្រាប់​ទស្សន៍​ទាយ ទាយ​សន្លឹក​បៀរ និង​អ្វី​ស្រដៀង​នេះ។ ពួក​គេ​មាន​អារម្មណ៍​ថា អ្វី​ទាំង​នេះ​ប្រហែល​ជា​នឹង​អាច​ជួយ​ពួក​គេ​ឲ្យ​ដឹង​អំពី​អនាគត​របស់​ខ្លួន។

តើ​មាន​លទ្ធផល​អ្វី?

តើ​មនុស្ស​ដែល​ទុក​ចិត្ត​ទៅ​លើ​ជំនឿ និង​ទំនៀម​ទម្លាប់​ទាំង​នេះ​មាន​ជីវិត​និង​អនាគត​ល្អ​ឬ​ទេ?

សូម​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​ហាវ​ដែល​រស់​នៅ​ប្រទេស​វៀតណាម។ គាត់​មើល​ហោរាសាស្ត្រ ហុងស៊ុយ ហើយ​សែន​ជីដូន​ជីតា ដើម្បី​ណែនាំ​ជីវិត​គាត់។ តើ​គាត់​បាន​ទទួល​ជោគ​ជ័យ​ឬ​ទេ? ហាវ​និយាយ​ថា​៖ ​«​ការ​រក​ស៊ី​របស់​ខ្ញុំ​បរាជ័យ ខ្ញុំ​ជំពាក់​បំណុល​គេ មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ហើយ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​»។

ឆមិង​មក​ពី​ប្រទេស​តៃវ៉ាន់​ក៏​ជឿ​ទៅ​លើ​ហោរាសាស្ត្រ ការ​ចាប់​ជាតិ ព្រេង​វាសនា ហុងស៊ុយ និង​ការ​សែន​ជីដូន​ជីតា​ដែរ។ ក្រោយ​ពី​គាត់​បាន​ពិនិត្យ​មើល​ជំនឿ​ទាំង​នេះ​យ៉ាង​ដិត​ដល់​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​ការ​បង្រៀន និង​ទំនៀម​ទម្លាប់​ទាំង​នេះ​ផ្ទុយ​ពី​គ្នា ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ភាន់​ច្រឡំ។ ម្យ៉ាង​ទៀត ការ​មើល​ហោរាសាស្ត្រ​ភាគ​ច្រើន​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ រីឯ​ជំនឿ​ទៅ​លើ​ការ​ចាប់​ជាតិ​វិញ បើ​យើង​មិន​ចាំ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​កាល​ពី​ជាតិ​មុន តើ​តាម​របៀប​ណា​យើង​អាច​ផ្លាស់​ប្ដូរ​ហើយ​ប្រព្រឹត្ត​ល្អ​ជាង​នៅ​ជាតិ​នេះ?​»។

​«​ខ្ញុំ​ឃើញ​ថា​ការ​បង្រៀន និង​ទំនៀម​ទម្លាប់​ទាំង​នេះ​ផ្ទុយ​ពី​គ្នា ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ភាន់​ច្រឡំ​»។—ឆមិង​ពី​ប្រទេស​តៃវ៉ាន់

ដូច​ហាវ ឆ​មិង និង​មនុស្ស​ជា​ច្រើន​ទៀត​បាន​ទទួល​ស្គាល់ អនាគត​របស់​យើង​មិន​ផ្អែក​ទៅ​លើ​ព្រេង​វាសនា ផ្កាយ ជីដូន​ជីតា​ដែល​បាន​ស្លាប់ ឬ​ការ​ចាប់​ជាតិ​នោះ​ទេ។ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​គ្រប់​គ្រង​ទៅ​លើ​អនាគត​របស់​យើង​ឬ?

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​បាន​ការ​អប់រំ​ខ្ពស់​និង​ទ្រព្យ​សម្បត្តិ​ច្រើន​នឹង​ធានា​ថា ពួក​គេ​នឹង​ទទួល​បាន​អនាគត​ដ៏​ល្អ​ប្រសើរ។ តើ​អ្នក​ដែល​ធ្វើ​ដូច្នេះ​បាន​ទទួល​លទ្ធផល​អ្វី?

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ត​បន្ទាប់ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 16 ពាក្យ​នេះ​ដក​ស្រង់​ពី​គម្ពីរ​បរិសុទ្ធ​នៅ​កាឡាទី ៦:៧។ នេះ​ស្រដៀង​នឹង​សុភាសិត​នៅ​តំបន់​អាស៊ី​ដែល​និយាយ​ថា​៖ ​«​ដាំ​អី​បាន​នឹង​»។