លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកណាជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនា?

តើអ្នកណាជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនា?

បើ​ទុក្ខ​វេទនា​មិន​មែន​មក​ពី​ព្រះ តើ​ភាព​អត់​ឃ្លាន​ជា​ខ្លាំង ភាព​ក្រី​ក្រ​ដែល​គ្មាន​ទី​បញ្ចប់ សង្គ្រាម​យ៉ាង​ព្រៃ​ផ្សៃ ជំងឺ​ផ្សេង​ៗ និង​មហន្តរាយ​ធម្មជាតិ​មក​ពី​មូលហេតុ​អ្វី? គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​បង្ហាញ​អំពី​មូលហេតុ​សំខាន់​បី​យ៉ាង ដែល​នាំ​ឲ្យ​មនុស្សជាតិ​រង​ទុក្ខ​វេទនា:

  1. ១. ការ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ការ​លោភ​លន់ និង​ការ​ស្អប់​គ្នា។ ​«​មនុស្ស​បាន​ត្រួត​ត្រា​លើ​មនុស្ស នោះ​នាំ​ឲ្យ​មាន​ទុក្ខ​វេទនា​»។ (​អ្នក​ទូន្មាន ៨:៩​) មូលហេតុ​សំខាន់​មួយ មនុស្ស​រង​ទុក្ខ​ព្រោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ឃោរ​ឃៅ ឬ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

  2. ២. ពេល​វេលា និង​ព្រឹត្តិការណ៍​ដែល​មិន​បាន​រំពឹង​ទុក។ មូលហេតុ​សំខាន់​មួយ​ទៀត មនុស្ស​រង​ទុក្ខ​ដោយ​សារ​«​ហេតុ​ការណ៍​ដែល​មិន​បាន​រំពឹង​ទុក នៅ​ពេល​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​»។ (​អ្នក​ទូន្មាន ៩:១១​) ហេតុ​នេះ មនុស្ស​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​ទី​កន្លែង​និង​ពេល​វេលា​ដែល​មិន​សម​ត្រឹម​ត្រូវ ការ​ធ្វេស​ប្រហែស ឬ​ក៏​ការ​ធ្វើ​ខុស។

  3. ៣. អ្នក​គ្រប់​គ្រង​ដ៏​កំណាច​នៃ​ពិភព​លោក​នេះ។ គម្ពីរ​បាន​ប្រាប់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ចម្បង​ដែល​មនុស្ស​រង​ទុក្ខ។ គម្ពីរ​ចែង​ថា​៖ ​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។ (​យ៉ូហាន​ទី​១ ៥:១៩​) ​«​មេ​កំណាច​»​នោះ​គឺ​ជា​សាថាន ពោល​គឺ​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​ដែល​ពី​ដំបូង​ធ្លាប់​ជា​ទេវតា​របស់​ព្រះ ប៉ុន្តែ​«​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ​»។ (​យ៉ូហាន ៨:៤៤​) បុគ្គល​វិញ្ញាណ​ឯ​ទៀត​បាន​រួម​ចំណែក​ជា​មួយ​សាថាន ហើយ​បះ​បោរ​ប្រឆាំង​ព្រះ ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ខុស​ឆ្គង​របស់​ខ្លួន ដូច្នេះ​ពួក​វា​ទៅ​ជា​មេ​កំណាច។ (​ដើម​កំណើត ៦:១​-​៥​) ចាប់​តាំង​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​បះ​បោរ ពួក​វា​មាន​ឫទ្ធានុភាព និង​ឥទ្ធិពល​ដ៏​អាក្រក់​មក​លើ​ពិភព​លោក​នេះ។ នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​ហើយ​រហូត​មក​ដល់​សម័យ​យើង។ សព្វ​ថ្ងៃ​នេះ មេ​កំណាច​មាន​កំហឹង​យ៉ាង​ខ្លាំង ហើយ​«​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល​»​ ដែល​ជា​ហេតុ​នាំ​ឲ្យ​«​វេទនា​ដល់​ផែនដី​»។ (​ការ​បើក​បង្ហាញ ១២:៩, ១២​) បន្ថែម​ទៅ​ទៀត សាថាន​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​សាហាវ​ឃោរ​ឃៅ។ វា​សប្បាយ​ចិត្ត​ពេល​ឃើញ​មនុស្ស​រង​ទុក្ខ​វេទនា។ ដូច្នេះ​គឺ​សាថាន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​រង​ទុក្ខ មិន​មែន​ព្រះ​ទេ។

សូម​ពិចារណា: មាន​តែ​មនុស្ស​អាក្រក់ និង​កាច​សាហាវ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្មាន​កំហុស​រង​ទុក្ខ​វេទនា។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី​១ ៤:៨​) ដោយ​សារ​សេចក្ដី​ស្រឡាញ់​គឺ​ជា​បុគ្គលិក​លក្ខណៈ​របស់​លោក ដូច្នេះ​«​គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ព្រះ​ដ៏​ពិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ធ្វើ​ខុស​ជា​ដាច់​ខាត!​»។—យ៉ូប ៣៤:១០

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ការ​ធម្មតា​ទេ​ដែល​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​នឹង​អនុញ្ញាត​ឲ្យ​សាថាន​បន្ត​ការ​គ្រប់​គ្រង​ដ៏​អាក្រក់​របស់​វា​ដល់​ពេល​ណា?›។ ដូច​យើង​បាន​ឃើញ​ហើយ ព្រះ​ស្អប់​អំពើ​អាក្រក់ ហើយ​លោក​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​យើង​រង​ទុក្ខ​វេទនា។ មួយ​វិញ​ទៀត បណ្ដាំ​របស់​ព្រះ​ដាស់​តឿន​ថា​៖ ​«​[​ចូរ​]​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៥:៧​) ព្រះ​ស្រឡាញ់​យើង និង​មាន​ឫទ្ធានុភាព​ដើម្បី​បំបាត់​ចោល​ទុក្ខ​វេទនា​និង​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង។ ចំណុច​នេះ​នឹង​ត្រូវ​ពន្យល់​នៅ​អត្ថបទ​បន្ទាប់។ *

^ វគ្គ 7 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា សូម​មើល​មេ​រៀន​ទី​២៦ ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ដែល​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​អាច​ថត​ចម្លង​ដោយ​ឥត​គិត​ថ្លៃ​នៅ​www.isa4310.com/km។