លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ

អគារដែលលើកកិត្តិយសគ្រូដ៏ឧត្តមរបស់យើង

អគារដែលលើកកិត្តិយសគ្រូដ៏ឧត្តមរបស់យើង

ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៣

 ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​អប់រំ​រាស្ត្រ​របស់​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​អង្គការ​របស់​លោក​មាន​សាលា​ផ្សេង​ៗ​ដែល​បង្ហាត់​បង្រៀន​សិស្ស​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ សាលា​មួយ​ក្នុង​ចំណោម​សាលា​ទាំង​នោះ​គឺ​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អង្គការ​របស់​លោក​មិន​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កម្ម​វិធី​អប់រំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដោត​អារម្មណ៍​ទៅ​លើ​អគារ​សម្រាប់​អប់រំ​ដែរ។ គោល​ដៅ​ចម្បង​គឺ​ដើម្បី​បង្កើន​បរិយាកាស​ល្អ​ក្នុង​ការ​សិក្សា​សម្រាប់​សិស្ស​និង​អ្នក​បង្រៀន។ តើ​វិភាគទាន​របស់​អ្នក​អាច​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​នេះ​យ៉ាង​ដូច​ម្ដេច?

សិស្ស​ច្រើន​ជាង​ក្នុង​បរិយាកាស​ដែល​ល្អ​ប្រសើរ​ជាង

 អស់​ជា​ច្រើន​ឆ្នាំ សាលា​កិច្ច​បម្រើ​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​នៅ​សាល​ប្រជុំ​និង​សាល​សន្និបាត។ ហេតុ​អ្វី​ថ្មី​ៗ​នេះ​យើង​សាង​សង់​និង​ជួស​ជុល​អគារ​ផ្សេង​ៗ​ដែល​ទុក​ប្រើ​តែ​សម្រាប់​សាលា​កិច្ច​បម្រើ​ប៉ុណ្ណោះ? សូម​ពិចារណា​ចំណុច​បី​យ៉ាង។

 មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ បង​គ្រិស្តតូហ្វើ មេវើ ដែល​ជា​ជំនួយ​ការ​គណៈ​កម្មាធិការ​កិច្ច​បម្រើ​នៃ​គណៈ​អភិបាល បាន​និយាយ​ថា​៖​«​ការិយាល័យ​សាខា​បាន​រាយ​ការណ៍​ថា ពួក​គេ​ត្រូវ​ការ​បង​ប្អូន​ច្រើន​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍​នៅ​ឆ្នាំ​២០១៩ ការិយាល័យ​សាខាប្រទេស​ប្រេស៊ីល បាន​ប៉ាន់ស្មាន​ថា​ត្រូវ​ការ​សិស្ស​ដែល​បញ្ចប់​វគ្គ​សិក្សា​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ប្រហែល​៧.៦០០​នាក់​ថែម​ទៀត ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ហើយ​ស្ថិត​ក្រោម​ការ​មើល​ខុស​ត្រូវ​នៃ​ការិយាល័យ​សាខា​នោះ​»។ នៅ​ការិយាល័យ​សាខា​អាម៉េរិក បាន​រាយ​ការណ៍​ថា​ត្រូវ​ការ​អ្នក​ផ្សាយ​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ជា​ច្រើន ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ពិសេស​នៅ​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ នៅ​កំពង់​ផែ និង​នៅ​ពន្ធនាគារ។ បន្ថែម​ទៅ​ទៀត យើង​ត្រូវ​ការ​បង​ប្អូន​ជា​ច្រើន បម្រើ​នៅ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​តាម​តំបន់ និង​បម្រើ​ជា​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ។ ដូច្នេះ សិស្ស​ដែល​បញ្ចប់​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​នោះ។

 មាន​ការ​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន។ ការិយាល័យ​សាខា​ជា​ច្រើន​បាន​ទទួល​ពាក្យ​សុំ​ពី​សិស្ស​កាន់​តែ​ច្រើន​ជាង​មុន។ ជា​ឧទាហរណ៍ គ្រាន់​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​នៅ​ការិយាល័យ​សាខា​ប្រេស៊ីល​បាន​ទទួល​ពាក្យ​សុំ​ប្រហែល​២.៥០០​ច្បាប់។ ប៉ុន្តែ ដោយ​សារ​ចំនួន​អគារ​សម្រាប់​បង្ហាត់​បង្រៀន​មាន​កម្រិត ការិយាល័យ​សាខា​នោះ​អាច​ទទួល​សិស្ស​បាន​តែ​៩៥០​នាក់​ប៉ុណ្ណោះ។

 កន្លែង​ស្នាក់​នៅ​សមរម្យ។ ពេល​ដែល​សិស្ស​ចូល​សាលា​នោះ​នៅ​សាល​ប្រជុំ​ឬ​សាល​សន្និបាត តាម​ធម្មតា​ពួក​គេ​ស្នាក់​នៅ​ផ្ទះ​បង​ប្អូន​រួម​ជំនឿ​ដែល​នៅ​តំបន់​នោះ។ ការ​រៀប​ចំ​នេះ​ដំណើរ​ការ​យ៉ាង​រលូន​ក្នុង​ប្រទេស​ដែល​មាន​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ប្រហែល​ពីរ​បី​ដង​ក្នុង​មួយ​ឆ្នាំ តែ​ក្នុង​ប្រទេស​ដែល​មាន​សាលា​នោះ​ញឹក​ញាប់​ជាង គឺ​ពិបាក​ឲ្យ​អ្នក​ផ្សាយ​ក្នុង​តំបន់​នោះ​ទទួល​សិស្ស​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​អស់​ជា​ច្រើន​ខែ។ ដូច្នេះ អគារ​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​នៅ​ជិត​ថ្នាក់​រៀន​នោះ ហើយ​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​ដើម្បី​បំពេញ​តម្រូវ​ការ​សិស្ស។

 អគារ​ដែល​មាន​ថ្នាក់​រៀន​មួយ មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​បង្រៀន និង​សម្រាប់​សិស្ស​ប្រហែល​៣០​នាក់ អាច​ត្រូវ​ចំណាយ​អស់​រាប់​លាន​ដុល្លារ​អាម៉េរិក អាស្រ័យ​លើ​ទី​តាំង​និង​កត្តា​ផ្សេង​ៗ។

ផ្នែក​ផ្សេង​ៗ​នៃ​អគារ​សាលា

 តាម​ធម្មតា សាលា​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​ឡើង​នៅ​ជាយ​ក្រុង តែ​នៅ​ជិត​កន្លែង​ធ្វើ​ដំណើរ​សាធារណៈ។ មុន​នឹង​រៀប​ចំ ត្រូវ​គិត​ទុក​ជា​មុន​ថា តើ​តំបន់​នោះ​មាន​អ្នក​ផ្សាយ​ច្រើន​ដែល​អាច​ជួយ​ឲ្យ​សាលា​នោះ​ដំណើរ​ការ​យ៉ាង​រលូន និង​ជួយ​ថែ​ទាំ​អគារ​សាលា​នោះ​ឬ​យ៉ាង​ណា។

 អគារ​សាលា​នោះ​មាន​បណ្ណាល័យ កន្លែង​សិក្សា កុំព្យូទ័រ ម៉ាស៊ីន​បោះ​ពុម្ព និង​ឧបករណ៍​ផ្សេង​ទៀត។ អគារ​សាលា​ភាគ​ច្រើន​មាន​បន្ទប់​ញ៉ាំ​បាយ​សម្រាប់​សិស្ស និង​អ្នក​បង្រៀន​បរិភោគ​ជា​មួយ​គ្នា ហើយ​មាន​បរិវេណ​ទំនេរ​ខ្លះ​សម្រាប់​ហាត់​ប្រាណ​និង​លម្ហែ​កាយ។

 សូម្បី​តែ​ថ្នាក់​រៀន​ក៏​មាន​លក្ខណៈ​ពិសេស​ដែរ។ បង​ត្រយ​ដែល​បម្រើ​នៅ​ផ្នែក​រចនា​ប្លង់​និង​សាង​សង់​ទូ​ទាំង​ពិភព​លោក​នៅ​វ័រវិក រដ្ឋ​ញូវយ៉ក បាន​និយាយ​ថា​៖​«​យើង​បាន​ពិភាក្សា​ជា​មួយ​ការិយាល័យ​ខាង​សាលា​កិច្ច​បម្រើ​ឲ្យ​ជួយ​យើង​ដើម្បី​រៀប​ចំ​ថ្នាក់​រៀន​ឲ្យ​មាន​បរិយាកាស​ល្អ។ បង​ប្រុស​ៗ​នៅ​ទី​នោះ​បាន​ឲ្យ​ការ​ណែនាំ​ដល់​យើង​ស្ដី​អំពី​ទំហំ​បន្ទប់​រៀន ការ​រៀប​ចំ​បន្ទប់ និង​ការ​ដាក់​អំពូល​ភ្លើង ព្រម​ទាំង​ឧបករណ៍​សំឡេង​និង​វីដេអូ​»។ បង​ហ្សូ​ល​តាន​ដែល​ជា​អ្នក​បង្រៀន​ម្នាក់​ក្នុង​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៅ​ហុងគ្រី​បាន​និយាយ​អំពី​ការ​រៀប​ចំ​ឧបករណ៍​សំឡេង​ថា​៖​«​ដំបូង​យើង​មិន​មាន​មេក្រូ​សម្រាប់​សិស្ស​ឆ្លើយ​ទេ ដូច្នេះ​យើង​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ឆ្លើយ​ចម្លើយ​ឮ​ៗ។ ប៉ុន្តែ ឥឡូវ​នេះ​យើង​មាន​មេក្រូ​នៅ​តាម​តុ​ទាំង​អស់​របស់​សិស្ស។ ដូច្នេះ បញ្ហា​សំឡេង​បាន​ដោះ​ស្រាយ​ហើយ!​»។

​«​ភ្ញៀវ​ពិសេស​របស់​ព្រះ​យេហូវ៉ា​»​

 តើ​ការ​មាន​អគារ​សាលា​ល្អ​ជាង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សិស្ស​និង​អ្នក​បង្រៀន? បង​អេនចឺឡា​ដែល​ជា​សិស្ស​ម្នាក់​ក្នុង​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ នៅ​ទី​ក្រុង​ផាមខូស រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក បាន​និយាយ​ថា​៖​«​បរិយាកាស​ពិត​ជា​សុខ​សាន្ត​ណាស់។ អ្វី​ៗ​ទាំង​អស់​មិន​ថា​ថ្នាក់​រៀន​ឬ​បន្ទប់​របស់​យើង​ទេ​ពិត​ជា​រៀប​ចំ​បាន​ល្អ​ណាស់។ ដូច្នេះ យើង​ស្រួល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​ជាង​»។ នៅ​ប្រទេស​ហុងគ្រី បង​ឆឹបឹ​ដែល​ជា​អ្នក​បង្រៀន​ម្នាក់​ពិត​ជា​សប្បាយ​ណាស់​ដែល​មាន​ឱកាស​បរិភោគ​អាហារ​ជា​មួយ​នឹង​សិស្ស គាត់​បាន​និយាយ​ថា​ឱកាស​នោះ​«​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​ប្រាប់​អារម្មណ៍​របស់​ពួក​គេ​ដល់​យើង​ដែល​ជា​អ្នក​បង្រៀន ហើយ​ពួក​គេ​ក៏​ចែក​រំលែក​នូវ​បទ​ពិសោធន៍​របស់​ពួក​គេ​ដែរ។ ហេតុ​នេះ​ហើយ យើង​អាច​ស្គាល់​សិស្ស​ច្បាស់​ជាង។ ជា​លទ្ធផល យើង​អាច​ប្រើ​កម្ម​វិធី​បង្រៀន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស។

 សិស្ស​និង​អ្នក​បង្រៀន​ចាត់​ទុក​អគារ​សាលា​នោះ ជា​ពរ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​«​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​»។ (​អេសាយ ៣០:២០, ២១​) បង​ស្រី​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​ដែល​បាន​ចូល​សាលា​អ្នក​ផ្សាយ​ដំណឹង​ល្អ ហើយ​បាន​ស្នាក់​នៅ​អគារ​មួយ​ដែល​គេ​បាន​កែ​ច្នៃ​ធ្វើ​ជា​អគារ​សាលា​បាន​និយាយ​ថា​៖​«​បរិ​យាស​កាស​នៅ​សាលា​នោះ​បាន​រំលឹក​យើង​ថា​យើង​មិន​គ្រាន់​តែ​ជា​សិស្ស​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ជា​ភ្ញៀវ​ដ៏​ពិសេស​របស់​ព្រះ​យេហូវ៉ា​ដែរ។ លោក​ចង់​ឲ្យ​យើង​សប្បាយ​សិក្សា​បណ្ដាំ​របស់​លោក​យ៉ាង​ពេញ​លេញ​»។

 ដោយ​សារ​វិភាគទាន​របស់​អ្នក អគារ​ផ្សេង​ៗ​សម្រាប់​អប់រំ​ពី​គម្ពីរ​បាន​ត្រូវ​សាង​សង់ ជួស​ជុល និង​ថែ​ទាំ។ វិភាគទាន​ភាគ​ច្រើន​បាន​ត្រូវ​ជូន​តាម​រយៈ​គេហទំព័រ​donate.isa4310.com។ យើង​អរគុណ​ខ្លាំង​ណាស់​សម្រាប់​វិភាគទាន​ដោយ​ចិត្ត​ទូលាយ​របស់​អ្នក។

ផ្លូវ​ចូល​អគារ​នៅ​ក្រុង​ផាមខូស រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក

ប្លង់​គំរូ​នៃ​វិហារ​នៅ​សម័យ​លោក​យេស៊ូ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៅ​ក្រុង​ផាមខូស រដ្ឋ​ផ្លរីដា សហរដ្ឋ​អាម៉េរិក

ការ​មក​ដល់​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ប្រទេស​ប្រេស៊ីល

នៅ​ក្នុង​ថ្នាក់​រៀន ប្រទេស​ប្រេស៊ីល

ការ​មក​ដល់​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ប្រទេស​ហ្វីលីពីន

អ្នក​បង្រៀន​និង​សិស្ស​កំពុង​បរិភោគ​អាហារ​នៅ​បន្ទប់​ញ៉ាំ​បាយ​យ៉ាង​សប្បាយ​រីករាយ ប្រទេស​ហ្វីលីពីន