ដើមកំណើត ២៧:១-៤៦

  • យ៉ាកុប​ទទួល​ពរ​ពី​អ៊ីសាក (​១​-​២៩)

  • អេសាវ​ចង់​បាន​ពរ តែ​គាត់​មិន​ប្រែ​ចិត្ត​ទេ (​៣០​-​៤០)

  • អេសាវ​ចង​គំនុំ​នឹង​យ៉ាកុប (​៤១​-​៤៦)

២៧  ឯ​អ៊ីសាក គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ ភ្នែក​គាត់​ចាប់​ផ្ដើម​ងងឹត​មើល​អ្វី​មិន​ឃើញ​ទេ។ ពេល​នោះ គាត់​បាន​ហៅ​អេសាវ+ជា​កូន​ច្បង​ចូល​មក​ជួប ហើយ​និយាយ​ថា​៖ ​«​កូន​អើយ!​»។ អេសាវ​ឆ្លើយ​តប​ថា​៖ ​«​បាទ! លោក​ឪពុក​»។ ២  អ៊ីសាក​និយាយ​ទៀត​ថា​៖ ​«​ពុក​ចាស់​ណាស់​ហើយ ពុក​មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​ស្លាប់​ទេ។ ៣  ដូច្នេះ ចូរ​កូន​យក​ព្រួញ​និង​ធ្នូ ចេញ​ទៅ​ឯ​វាល ហើយ​បរបាញ់​សត្វ។+ ៤  បន្ទាប់​មក ចូរ​កូន​យក​សាច់​សត្វ​នោះ ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​ពុក​ចូល​ចិត្ត មក​ឲ្យ​ពុក​បរិភោគ រួច​ពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ពុក​ស្លាប់​»។ ៥  ក្រោយ​ស្ដាប់​រួច អេសាវ​បាន​ចេញ​ទៅ​បរបាញ់​សត្វ​នៅ​ឯ​វាល។ ឯ​រេបិកា នាង​ស្ដាប់​ឮ​អ្វី​ដែល​អ៊ីសាក​បាន​និយាយ​ជា​មួយ​នឹង​អេសាវ។+ ៦  ដូច្នេះ រេបិកា​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖+ ​«​ម្ដាយ​ទើប​តែ​ឮ​ពុក​កូន​និយាយ​ជា​មួយ​នឹង​អេសាវ​បង​កូន​ថា​៖ ៧  ‹ចូរ​កូន​ទៅ​បរបាញ់​សត្វ ហើយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ឲ្យ​ពុក​ពិសា ក្រោយ​មក​ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា មុន​ពេល​ពុក​ស្លាប់›។+ ៨  ដូច្នេះ កូន​អើយ! ចូរ​កូន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ម្ដាយ។+ ៩  ចូរ​កូន​ទៅ​ឯ​ហ្វូង​សត្វ ហើយ​យក​កូន​ពពែ​ដ៏​ល្អ​ពីរ​មក​ឲ្យ​ម្ដាយ ដើម្បី​ម្ដាយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជូន​ពុក​កូន​ពិសា គឺ​ជា​ម្ហូប​ដែល​ពុក​កូន​ចូល​ចិត្ត។ ១០  បន្ទាប់​មក ចូរ​កូន​លើក​ម្ហូបនោះ​ទៅ​ជូន​ពុក​កូន​ពិសា ដើម្បី​ឲ្យ​គាត់​ឲ្យ​ពរ​កូន មុន​គាត់​ស្លាប់​»។ ១១  យ៉ាកុប​និយាយ​ទៅ​កាន់​ម្ដាយ​ថា​៖ ​«​ប៉ុន្តែ បង​អេសាវ​គាត់​មាន​រោម​ពេញ​ខ្លួន+ ចំណែក​កូន​វិញ កូន​មិន​មាន​រោម​ដូច​គាត់​ទេ។ ១២  ចុះ​បើ​ពុក​ស្ទាប​កូន​ហើយ​ដឹង​ថា​កូន​ជា​អ្នក​ណា?+ គាត់​មុខ​ជា​គិត​ថា​កូន​បញ្ឆោត​គាត់* ហើយ​ច្បាស់​ជា​ដាក់បណ្ដាសា​កូន​មិន​ខាន មិន​មែន​ឲ្យ​ពរ​កូន​ទេ​»។ ១៣  រេបិកា​ក៏​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​វិញ​ចុះ។ ចូរ​កូន​ធ្វើ​តាម​តែ​ម្ដាយ​បង្គាប់​ទៅ​បាន​ហើយ​»។+ ១៤  ដូច្នេះ យ៉ាកុប​បាន​ទៅ​ធ្វើ​តាម​បង្គាប់​ម្ដាយ ហើយ​ម្ដាយ​គាត់​ធ្វើ​ម្ហូបដ៏ឈ្ងុយ​ឆ្ងាញ់ដែល​អ៊ីសាក​ឪពុក​គាត់​ចូល​ចិត្ត។ ១៥  ក្រោយ​នោះ រេបិកា​បាន​យក​សម្លៀក​បំពាក់​វិសេស​របស់​អេសាវ​ពី​ក្នុង​ត្រសាល មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ប្អូន។+ ១៦  នាង​ក៏​យក​ស្បែក​កូន​ពពែ មក​រុំ​នៅ​ដៃ​និង​ក​យ៉ាកុប។+ ១៧  បន្ទាប់​មក នាង​បាន​ហុច​ម្ហូប​ដ៏​ឆ្ងាញ់​និង​នំ​ប៉័ង​ដែល​នាង​បាន​ធ្វើ ឲ្យ​ដល់​យ៉ាកុប។+ ១៨  ដូច្នេះ យ៉ាកុប​ក៏​លើក​អាហារ​នោះ​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក!​»។ អ៊ីសាក​ក៏​ឆ្លើយ​ថា​៖ ​«​មាន​ការ​អី​កូន តើ​កូន​ជា​កូន​មួយ​ណា?​»។ ១៩  យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក+ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​លោក​ឪពុក​រួច​ហើយ។ សូម​លោក​ឪពុក​ក្រោក​អង្គុយ ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​ដល់​កូន​»។+ ២០  អ៊ីសាក​បាន​សួរ​កូន​ថា​៖ ​«​ម្ដេច​ក៏​កូន​រក​សត្វ​បាន​លឿន​ម្ល៉េះ?​»។ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​នាំ​វា​មក​ឲ្យ​កូន​»។ ២១  រួច​មក អ៊ីសាក​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​កូន​ចូល​មក​ជិត​ពុក ដើម្បី​ឲ្យ​ពុក​ស្ទាប​មើល​ថា​កូន​ជា​អេសាវ​កូន​ពុក មែន​ឬ​មិន​មែន?​»។+ ២២  ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​អ៊ីសាក​ជា​ឪពុក ហើយ​អ៊ីសាក​ក៏​ស្ទាប​យ៉ាកុប រួច​និយាយ​ថា​៖ ​«​សំឡេង​ជា​សំឡេង​យ៉ាកុប​ទេ តែ​ដៃ​ជា​ដៃ​របស់​អេសាវ​»។+ ២៣  អ៊ីសាក​មិន​អាច​សម្គាល់​យ៉ាកុប​បាន​ទេ ព្រោះ​ដៃ​យ៉ាកុប​មាន​រោម​ច្រើន​ដូច​ជា​ដៃ​របស់​អេសាវ​បង​គាត់។ ដូច្នេះ អ៊ីសាក​ក៏​ឲ្យ​ពរ​ដល់​យ៉ាកុប​ទៅ។+ ២៤  ក្រោយ​នោះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ពិត​ជា​អេសាវ​កូន​ពុក មែន​ឬ?​»។ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​បាទ​ពុក!​»។ ២៥  រួច​អ៊ីសាក​និយាយ​ថា​៖ ​«​ចូរ​កូន​យក​សាច់​សត្វ​ដែល​កូន​បាន​បរបាញ់ មក​ឲ្យ​ពុក​ពិសា រួច​ពុក​នឹង​ឲ្យ​ពរ​កូន​»។ យ៉ាកុប​លើក​ម្ហូប​មក​ជូន​ឪពុក ហើយ​អ៊ីសាក​ក៏​ពិសា​ទៅ។ យ៉ាកុប​ថែម​ទាំង​យក​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​ឪពុក​គាត់​ពិសា​ផង​ដែរ។ ២៦  បន្ទាប់​មក អ៊ីសាក​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​កូន​ចូល​មក​ជិត ហើយ​ថើប​ពុក​»។+ ២៧  ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ+ ហើយ​គាត់​បាន​ឲ្យ​ពរ​ដោយ​និយាយ​ថា​៖ ​«​ក្លិន​កូន​ខ្ញុំ​គឺ​ដូច​ជា​ក្លិន​នៅ​ឯ​វាល ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ។ ២៨  សូម​ឲ្យ​ព្រះ​ពិត​ផ្ដល់​ឲ្យ​កូន​នូវ​សន្សើម​ពី​លើ​មេឃ+ ដី​ដែល​មាន​ជី​ជាតិ+ ព្រម​ទាំង​ស្រូវ​និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូរ។+ ២៩  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​បម្រើ​កូន ហើយ​ឲ្យ​ប្រជា​ជាតិ​នា​នា​ឱន​គោរព​ចំពោះ​កូន។ កូន​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​បង​ប្អូន​របស់​កូន ឯ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​របស់​កូន ក៏​ឱន​គោរព​ចំពោះ​កូន​ដែរ។+ អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា តែ​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន អ្នក​នោះ​នឹង​ទទួល​ពរ​វិញ​»។+ ៣០  ពេល​អ៊ីសាក​បាន​ឲ្យ​ពរ​យ៉ាកុប​រួច​រាល់​ហើយ យ៉ាកុប​ក៏​ចាក​ចេញ​ទៅ។ ភ្លាម​នោះ អេសាវ​បាន​ត្រឡប់​មក​ពី​បរបាញ់​សត្វ​វិញ។+ ៣១  អេសាវ​ក៏​បាន​យក​សាច់​សត្វ​នោះ​ទៅ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ រួច​យក​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក! សូម​ក្រោក​ឡើង​បរិភោគ​សាច់​សត្វ​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​កូន​»។ ៣២  ឮ​ដូច្នេះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ជា​កូន​មួយ​ណា?​»។ អេសាវ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក​»។+ ៣៣  អ៊ីសាក​និយាយ​ទាំង​ញ័រ​ខ្លួន​ថា​៖ ​«​ចុះ​អ្នក​ណា​ទើប​តែ​យក​សាច់​មក​ឲ្យ​ពុក​អម្បាញ់មិញ​នេះ? មុន​កូន​មក​ដល់ ពុក​បាន​បរិភោគ​រួច​ហើយ ថែម​ទាំង​បាន​ឲ្យ​ពរ​ដល់​គាត់​ទៀត​ផង។ ដូច្នេះ គាត់​នឹង​ទទួល​ពរ​ទាំង​នោះ​ជាក់​ជា​ពុំ​ខាន!​»។ ៣៤  ពេល​ឮ​ដូច្នេះ អេសាវ​បាន​ស្រែក​ឡើង​ទាំង​ឈឺ​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​ទៅ​ឪពុក​ថា​៖ ​«​លោក​ឪពុក​អើយ! សូម​ឲ្យ​ពរ​ខ្ញុំ​ផង​»។+ ៣៥  ប៉ុន្តែ អ៊ីសាក​បាន​និយាយ​ថា​៖ ​«​ប្អូន​របស់​កូន​បាន​មក​បញ្ឆោត​ពុក ដើម្បី​គាត់​អាច​ទទួល​ពរ​របស់​កូន​»។ ៣៦  អេសាវ​បាន​តប​ថា​៖ ​«​គាត់​ឈ្មោះ​យ៉ាកុប*នោះ​ត្រូវ​ហើយ ព្រោះ​គាត់​បាន​ដណ្ដើម​យក​ពី​ខ្ញុំ​អស់​ពីរ​លើក។+ លើក​មុន​គឺ​សិទ្ធិ​កូន​ច្បង+ ហើយ​លើក​នេះ​គឺ​ពរ​របស់​ខ្ញុំ!​»។+ អេសាវ​បាន​បន្ថែម​ថា​៖ ​«​តើ​លោក​ឪពុក​មាន​បម្រុង​ទុក​ពរ​ណា​មួយ​ឲ្យ​ខ្ញុំ​ទេ?​»។ ៣៧  ប៉ុន្តែ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖ ​«​ពុក​បាន​ឲ្យ​គាត់​ធ្វើ​ជា​ចៅហ្វាយ​លើ​កូន+ ហើយ​បង​ប្អូន​គាត់​ទាំង​អស់​នឹង​ធ្វើ​ជា​អ្នក​បម្រើ​គាត់។ ពុក​បាន​ឲ្យ​ពរ​គាត់​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​និង​ស្រូវ​ជា​បរិបូរ។+ កូន​អើយ! ពុក​គ្មាន​សល់​ពរ​ណា​សម្រាប់​កូន​ទេ​»។ ៣៨  អេសាវ​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​លោក​ឪពុក! តើ​ពិត​ជា​គ្មាន​សល់​ពរ​ណា​មួយ​សម្រាប់​កូន​មែន​ឬ? សូម​ឲ្យ​ពរ​កូន​ផង​លោក​ឪពុក!​»។ រួច​អេសាវ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង។+ ៣៩  ដូច្នេះ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖ ​«​កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ និង​គ្មាន​ទឹក​សន្សើម​ពី​លើ​មេឃ។+ ៤០  កូន​នឹង​រស់​ដោយ​ដាវ+ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន។+ ប៉ុន្តែ ពេល​កូន​ទ្រាំ​លែង​បាន កូន​នឹង​បំបាក់​នឹម​នោះ​ចេញ​ពី​ក​»។+ ៤១  ហេតុ​នេះ អេសាវ​បាន​ចង​គំនុំ​នឹង​យ៉ាកុប ព្រោះ​តែ​ពរ​ដែល​ឪពុក​គាត់​បាន​ឲ្យ+ ហើយ​អេសាវ​បន្ត​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ថ្ងៃ​កាន់​ទុក្ខ​ឪពុក​ខ្ញុំ​ជិត​មក​ដល់​ហើយ។+ ក្រោយ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សម្លាប់​យ៉ាកុប​ចោល​»។ ៤២  ក្រោយ​មក មាន​គេ​ដឹង​អំពី​រឿង​នេះ ហើយ​ក៏​នាំ​ទៅ​ប្រាប់​រេបិកា។ ភ្លាម​នោះ នាង​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប​ឲ្យ​មក​ជួប ហើយ​ប្រាប់​គាត់​ថា​៖ ​«​មើល! អេសាវ​បង​កូន មាន​បំណង​សម្លាប់​កូន​ដើម្បី​សង​សឹក​ហើយ។ ៤៣  ចូរ​កូន​ធ្វើ​តាម​ម្ដាយ ហើយ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ឡាបាន់​បង​ប្រុស​របស់​ម្ដាយ​នៅ​ឯ​ហារ៉ាន​ទៅ។+ ៤៤  ចូរ​កូន​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ រហូត​ដល់​បង​ប្រុស​របស់​កូន​ស្ងប់​កំហឹង ៤៥  ពេល​បង​ប្រុស​កូន​ភ្លេច​អំពី​រឿង​នោះ​ហើយ ម្ដាយ​នឹង​ចាត់​គេ​ឲ្យ​ទៅ​នាំ​កូន​ត្រឡប់​មក​វិញ។ ម្ដាយ​មិន​ចង់​បាត់​បង់​កូន​ទាំង​ពីរ​នៅ​ថ្ងៃ​តែ​មួយ​នោះ​ទេ​»។ ៤៦  ក្រោយ​ពី​នោះ រេបិកា​តែង​តែ​និយាយ​ទៅ​កាន់​អ៊ីសាក​ថា​៖ ​«​ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​កូន​ស្រី​ជន​ជាតិ​ហេត​ទាំង​នេះ​ណាស់។+ បើ​យ៉ាកុប​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ហេត​ទៀត ដូច​ស្ត្រី​ក្នុង​ស្រុក​នេះ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ល្អ​ជាង!​»។+

កំណត់សម្គាល់

ឬ​«​ចំអក​ឲ្យ​គាត់​»​
មាន​ន័យ​ថា​«​អ្នក​ចាប់​កែង​ជើង​ឬ​អ្នក​ដណ្ដើម​»​